សាខាកាំកុងត្រូលខេត្តកំពង់ធំបន្តចុះត្រួតពិនិត្យទំនិញ​ខូចគុណភាពកំពុងចរាចរណ៍ក្នុងទីផ្សារកំពង់ធំមុនពេលភ្ជុំបិណ្ទ

0

កំពង់ធំ៖ ខណៈពេលដែលរដូវកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ ដោយមានការយកចិត្តទុក​ដាក់ និងព្រួយបារម្ភណ៍ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ  ដែលបានអញ្ជើញមកទិញទំនិញនៅក្នុងទីផ្សារ  ដើម្បីយកទៅប្រារព្វពិធីបុណ្យ តាមជំនឿប្រពៃណីព្រះពុទ្ធសាសនា ក្នុងពេលភ្ជុំបិណ្ទ ទើបសាខាកាំកុងត្រូល ខេត្តកំពង់ធំ ចុះពិនិត្យទំនិញខូចគុណភាព ទំនិញហួសសុពលភាព នៅក្នុងផ្សារកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៨។

កិច្ចសហប្រតិបត្តិការចុះឆែកឆេរ ទំនិញខូចគុណភាព នៅក្នុងផ្សារកំពង់ធំ ត្រូវបានដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ និងលោក ហៀវ វណ្ណា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ និងមន្រ្តីប៉ុស្តិ៍រដ្ឋបាល រួមទាំងមន្រ្តីកាំកុងត្រូលជាច្រើននាក់ទៀត បានចុះពិនិត្យទៅលើគ្រឿងឧបភោគ បរិភោគ គ្រឿងសំអាង រួមទាំងភេសជ្ជៈជាច្រើនមុខទៀត។

លទ្ធផលដែលការចុះពិនិត្យទំនិញខូចគុណភាពនេះ សមត្ថកិច្ចកាំកុងត្រូល បានរកឃើញបានទំនិញហួសសុពលភាពចំនួន៨មុខ ក្នុងនោះមាន មីថៃ កំប៉ុង១៥កំប៉ុង, ប្រហិតសាច់ជ្រូក១គ.ក ក្រុមហ៊ុនស៊ីភី , ទឹកក្រូចចំណុះ៣លីត្រ ២៤ដប​, ទឹកក្រូចម៉ាកកូកាកូឡាខ្មែរ២១ដប , ទឹកក្រូចហ្វែនតា ចំណុះ១,៥ ចំនួន ២៧ដប ,ទឹកក្រូចម៉ាកប៊ិក ៦ដប , តែថៃម៉ាកZenya ចំនួន១៣២ដប , ទឹកផ្លែឈើម៉ាកRefres ចំនួន៧២ដប ទំនិញខូចគុណ ភាពទាំងអស់ត្រូវបានដកហូតយកមករក្សាទុកនៅ កន្លែងសុវត្តិភាព ដើម្បីប្រមូលទុកធ្វើពិធីដុតកំទេចចោល នៅថ្ងៃក្រោយ ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា សកម្មភាពការចុះត្រួតពិនិត្យទំនិញខូច គុណភាព និងទប់ស្កាត់ការលក់ទំនិញ ម្ហូបអាហារ ដែលមានសារធាតុហាមឃាត់ រួមទាំងផលិតផលគ្រឿងសំអាង ផលិតផលកែសម្ភស្ស ឡេលាបស្បែកទាំងឡាយ គឺត្រូវបានធ្វើឡើងជាប្រចាំ នៅក្នុងទីផ្សារជាច្រើនកន្លែង ក្នុងខេត្តកំពង់ធំ ក្នុងនោះក៏បានណែនាំឲ្យក្រុមអជីវករ ដែលលក់ផលិតផលកែសម្ភស្សឲ្យមានបិទស្លាកសញ្ញាសម្គាល់ ហាងជាផលិតផលរបស់ខ្លួន ដើម្បីចូលរួមទទួលខុសត្រូវចំពោះអ្នកបរិភោគ ។

លោក លៀង សុភា បានបន្តថា ប្រជាពលរដ្ឋ ដែលជាក្រុមអជីវករ ក្រោយពីទទួលបានការណែនាំរបស់ សមត្ថកិច្ចជំនាញកាំកុងត្រូល គឺមានការ ចូលរួមសហការយ៉ាងផុសផុល ក្នុងការចូលរួមចំនែកទប់ស្កាត់ការលក់ផលិតផលខូចគុណភាព និង មានចំណេះដឹងចេះរៀបចំទុកដាក់ផលិតផលដាក់តាំងលក់ឲ្យមានសុវត្តិភាព មើលការបរិច្ឆេតបានត្រឹមត្រូវ ធ្វើឲ្យទំនិញដែលចរាចរណ៍ក្នុងផ្សារកំពង់ធំ មានគុណភាព និងសុវត្តិភាពដល់អ្នកបរិភោគ  និងសំណូមពរឲ្យអជីវករ និង ប្រជាពលរដ្ឋ ទាំងអស់ ស្រឡាញ់សុខភាព មុនពេលទិញ ផលិតផល ម្ហូបអាហារ រួមទាំងគ្រឿងភេសជ្ជះ សូមមើលកាលបរិច្ឆេតឲ្យបានត្រឹមត្រូវមុនពេលបរិភោគ។

ដោយ  ប៊ុន រដ្ឋា