គំនរឈើលាក់ទុកក្នុងព្រៃ ជាច្រើនកន្លែង ត្រូវបានកម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការបង្ក្រាប និងប្រមូលយកមករក្សាទុក!

0

ព្រះវិហារ: គំនរឈើលេខ២ ជាច្រើនកន្លែង ដែលឈ្មួញដឹកជញ្ជូនយកមកលាក់ទុកក្នុងព្រៃក្បែរភូមិ ត្រូវបានរងការបង្រាប ដោយកំលាំងបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង។ហេតុការណ៍បង្ក្រាបខាងលើនេះ ធ្វើឡើងរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក វុន ធឿន ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង។

ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹងលោក វុន ធឿន បានបញ្ជាក់ថា ឈើទាំងអស់ជាប្រភេទក្តា និងក្តាសន្លឹក មានប្រវែង២ម៉ែត្រ រហូតដល់៦ម៉ែត្រ។ ប៉ុន្តែនៅមិនទាន់ដឹងថាមានចំនួនប៉ុន្មានសន្លឹក និងប៉ុន្មានម៉ែត្រគិបនោះនៅឡើយទេ។

ហើយបច្ចុប្បន្ន ឈើទាំងអស់កម្លាំងកំពុងធ្វើការ ប្រមូលដាក់រថយន្តដឹកជញ្ជូនយកទៅរក្សាទុក នៅការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង រងចាំធ្វើការវាស់វែងនៅពេលក្រោយ។

ជាមួយគ្នានោះលោកក៏បានធ្វើការផ្ដាំផ្ញើ និងជម្រុញទៅដល់អាជ្ញាធរ ក៏ដូចជាប្រធានសហគមន៍ការពារព្រៃឈើ ត្រូវចុះណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ដោយមិនត្រូវឲ្យពួកគាត់ទទួលស្តុកឈើខុសច្បាប់នៅតាមផ្ទះ ដែលក្រុមឈ្មួញទិញដាក់ផ្ញើទុក្ខ។ បើមិនដូច្នោះទេ នោះម្ចាស់ផ្ទះនឹងអាចប្រឈមមុខ ទៅនឹងផ្លូវច្បាប់ស្ដីពីការជួញដូរបទល្មើសធនធានធម្មជាតិ៕សួនលីណា