សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទំនិញ​ចំណីអាហារក្នុងពេលភ្ជុំបិណ្ឌ

0

បន្ទាយមានជ័យ ៖  លោក សានវិជ្ជា សារាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានបន្តចុះត្រួតពិនិត្យ ចំណីអាហារ ខូចគុណភាព និងហួសសុពលភាព ដែលត្រូវបាន ក្រុមអជីវករផ្សារ ដាក់លក់នៅក្នុងផ្សារ នាក្រុងសិរីសោភ័ណ ក្នុងឳកាសប្រជាពលរដ្ឋ កំពុងតែទិញទំនិញមក ប្រារព្វពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៨ ។

កិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនេះ ត្រូវបានដឹកនាំដោយលោក សានវិជ្ជា សារាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការពិនិត្យទីផ្សារ ដែលកំពុងតែចារាចរណ៍ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដូចជា ផ្សារសិរីសោភ័ណ ផ្សារចម្ការគ និងផ្សារហ៊ុយឡេង លទ្ធផលក្រោយពេលចុះត្រួតបិនិត្យចំណីអាហារ  មន្រ្តីរនាយកកដ្ឋានកាំកុងត្រូល បានរកឃើញ ទំនិញតាមហាងលក់តាមផ្ទះ និង តូបលក់អីវ៉ាន់ក្នុងផ្សារយើងប្រមូលបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ សរុបចំនួន ៣៧គីឡូក្រាមមានដូចជា   ទឹកក្រូចចំនួន5.12គក្រ, មីកម្ទេចចំនួន9.1គក្រ,  ស្រាបៀរចំនួន3គក្រ, ទឹកគ្រាប់ជីរចំនួន1.7គក្រ, សាប៊ូដុសខ្លួនចំនួន14.5គក្រ , ទឹកដោះគោចំនួន 0.72គក្រ, ស្ករគ្រាប់ចំនួន3.5 ,កគ និងបង្អែមឡូតដែលមានប្រើសារធាតុបូរ៉ាក់ចំនួន ០.៥គីឡូក្រាម ទំនិញខូចគុណភាពទាំងអស់ ត្រូវបាន ដកហូតទុក កន្លែងមានសុវត្តិភាព និងរងចាំដុតកំទេចនៅថ្ងៃក្រោយ។

លោក សានវិជ្ជា សារាវុធ  ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា សកម្មភាពការចុះត្រួតពិនិត្យទំនិញខូច គុណភាព និងទប់ស្កាត់ការលក់ទំនិញ ម្ហូបអាហារ ដែលមានសារធាតុហាមឃាត់ រួមទាំងផលិតផលគ្រឿងសំអាង ផលិតផលកែសម្ភស្ស ឡេលាបស្បែកទាំងឡាយ គឺត្រូវបានធ្វើឡើងជាប្រចាំ នៅក្នុងទីផ្សារជាច្រើនកន្លែង ក្នុងខេត្តបន្ទាយមានជ័យ  ក្នុងនោះក៏បានណែនាំឲ្យក្រុមអជីវករ ដែលលក់ផលិតផលកែសម្ភស្សឲ្យមានបិទស្លាកសញ្ញាសម្គាល់ ហាងជាផលិតផលរបស់ខ្លួន ដើម្បីចូលរួមទទួលខុសត្រូវ ។

លោក សានវិជ្ជា សារាវុធ បានបន្តថា ប្រជាពលរដ្ឋ ដែលជាក្រុមអជីវករ ក្រោយពីទទួលបានការណែនាំរបស់ សមត្ថកិច្ចជំនាញកាំកុងត្រូល គឺមានការ ចូលរួមសហការយ៉ាងផុសផុល ក្នុងការចូលរួមចំនែកទប់ស្កាត់ការលក់ផលិតផលខូចគុណភាព និង មានចំណេះដឹងចេះរៀបចំទុកដាក់ផលិតផលដាក់តាំងលក់ឲ្យមានសុវត្តិភាព មើលការបរិច្ឆេតបានត្រឹមត្រូវ ធ្វើឲ្យទំនិញដែលចរាចរណ៍ក្នុងផ្សារមានគុណភាព និងសុវត្តិភាពដល់អ្នកបរិភោគ  និងសំណូមពរឲ្យអជីវករ និង ប្រជាពលរដ្ឋ ទាំងអស់ ស្រឡាញ់សុខភាព មុនពេលទិញ ផលិតផល ម្ហូបអាហារ រួមទាំងគ្រឿងភេសជ្ជះ សូមមើលកាលបរិច្ឆេតឲ្យបានត្រឹមត្រូវមុនពេលបរិភោគ។

ដោយ  ប៊ុន រដ្ឋា