អភិបាលខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តតាំងតុបក្នុងរិវេណប្រាសាទអង្គរធំ

0

សៀមរាប៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង មន្ដ្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តតាំងតុ នៃបរិវេណប្រាសាទអង្គរធំជាមួយពុទ្ធបរិស័ទ នាថ្ងៃ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា គ.ស២០១៨ ដោយបាននាំយកនូវគ្រឿងសក្ការបូជាគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកវេរប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតាញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរយើង ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយើង មានការសប្បាយនឹងការធ្វើបុណ្យធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះ ឡើយ គឺដោយសារតែប្រទេសយើងមានសន្តិភាព ។ កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាង តែការស្វែងរកសន្តិភាពវាពិបាកខ្លាំងណាស់ ដូច្នេះយើងបានសន្តិភាពហើយ យើងត្រូវនាំគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាន និរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៦ នីតិកាលនៃរដ្ឋសភា បន្តទៀត ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា នៅពេលបញ្ចប់នូវរដូវភ្ជំបិណ្ឌ ប្រជាពុទ្ធបរិស័ទខែ្មរយើង ធ្វើនូវបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃ ក្នុងការសាងសមិទ្ធិផលនានាក្នុងវត្តអារ៉ាម ហើយក៏ មានរៀបចំនូវព្រះរាជពិធីបុណ្យអុំទូកទៀតផង ។ ម៉្យាងទៀតខេត្តទេសចរណ៍ប្រវត្តិសាស្ត្រនៃយើងនេះ ក៏រៀបចំពិធី បុណ្យអុំទូកនេះ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចូលរួមបម្រើដល់វិស័យទេសចរណ៍ សំខាន់ភ្ញៀវជាតិ អន្តរជាតិ ថែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ៕