ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្តតាកែវអញ្ជើញសួរសុខទុក្ខកងកម្លាំងនៅទីបញ្ជាការវរៈ៦០៣

0

ខេត្តតាកែវ÷ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នៅទីបញ្ជាការវរៈសេនាតូច

ការពារព្រំដែនគោកលេខ៦០៣ ប្រចាំខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៣ អមដំណើរដោយលោកឧត្តមសេនីយ៍ លោក លោកស្រីវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ រីឯសមាសភាពចូលរួមមានៈ លោកមេបញ្ជាការ មេបញ្ជាការរង លោកអធិការ អធិការរងស្រុកជាប់ព្រំដែនទាំង០៤ ព្រមទាំងមន្ត្រីនគរបាលចំណុះវរៈសេនាតូចលេខ៦០៣ និងមន្រ្តីចំណុះអធិការដ្ឋានស្រុកជាប់ព្រំដែនទាំ០៤ សរុបចំនួន១៣១នាក់ ស្រី០២នាក់។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ស្នងការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលលោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខកងកម្លាំងជួរមុខ ដូចជាសាងសង់ជម្រក ស្នាក់នៅ ហូបចុក និងសុខភាពរបស់កងកម្លាំង ដើម្បីការពារបូរណៈភាពទឹកដីឱ្យបានគង់វង្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្នងការ បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមមាន ៖ ថវិកាចំនួន៩.០០០.០០០រៀល (ប្រាំបួនលានរៀល) អង្ករចំនួន២០បាវ ស្មើនឹង១តោន មីម៉ាម៉ាចំនួន៥០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ស្រាបៀរចំនួន៤០កេស ទឹកក្រូចចំនួន១០កេស នំធុងចំនួន៥ធុង និងតន្រ្តីសម័យ ដើម្បីប្រគល់ជូនវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៣ ផងដែរ។