អាជ្ញាធរខេត្ត ក្រុងព្រះសីហនុ បន្តនាំគ្នាសំអាតជាថ្មីទៀតនូវគនរកំប្លោកដែលរសាត់អណ្តែតតាមទឹកសមុទ្រ បន្ទាប់ពីយប់មិញនេះកំប្លោកទាំងនេះបន្តរសាត់មកគរនៅឆ្នេរសមុទ្រក្រុងព្រះសីហនុ ទោះបីជាម្សិលមិញបានសំអាតយ៉ាងស្អាតរួចហើយ

0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៨ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បន្តដឹកនាំមន្ត្រីនិងពលរដ្ឋចុះប្រមូលគំនរកំប្លោកជាថ្មីទៀតបន្ទាប់ពីយប់មិញនេះកំប្លោកនៅតែបន្តរសាត់មកទើនៅតាមឆ្នេរជាច្រើនកន្លែងក្នុងខេត្តព្រះសកហនុជាមួយគ្នានេះសង្គេតឃើញមានវត្តមានឯកឧត្តម ប៉ុល សារឿន ចូលរួមផងដែរ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ពន្យល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតលើផ្ទៃសមុទ្រអណ្តែតមកទើលើឆ្នេរនានាក្នុងខេត្តមានដូចជាឆ្នេរអូរឈើទាល ឆ្នេររាម និងនៅកោះរ៉ុងជាដើម។កកច្រើនជាងគេគឺនៅឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ។

ឯកឧត្តមបន្តថា បញ្ហានេះបានធ្វើអោយបាត់បង់សោភណ្ឌ័ភាពតំបន់ឆ្នេរ ចំពោះរដ្ឋបាលខេត្ត-ក្រុងព្រះសីហនុ កំពុងសំអាតជាបន្ទាន់ដោយមានការចូលរួមយ៉ាងសកម្មពីមន្រ្តីនិងពលរដ្ឋសិស្សានុសិស្សផងដែរដើម្បីសំអាតឆ្នេរខ្សាច់អោយស្អាតឡើងវិញ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត ដែលឯកឧត្តមអភិបាលខេត្តសង្សយ័ថា កំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសជិតខាងដែលទំនងជាហូរតាមទឹកព្រែកចូលសមុទ្រហើយរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រខ្មែរយើង។
ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តរំលេចអោយដឹងថា នឹងរកទិញគ្រឿងចក្រសំអាតសំរាមតាមឆ្នេរមួយគ្រឿងទុកសំរាប់សំអាតបរិស្ថានឆ្នេរ។

ជាមួយគ្នានេះឯកឧត្តមយន្ត មីនក៏បានអំពាវនាវដល់អាជីវករ និងពលរដ្ឋដែលមានអាជីវកម្មក្បែរឆ្នេរ ចូលរួមស្រង់កំប្លោកនិងឫសរុក្ខជាតិដែលរសាត់មកលើឆ្នេរទាំងអស់ រួមជាមួយរដ្ឋបាលខេត្តដើម្បីសំអាតបរិស្ថានឆ្នេរសមុទ្រអោយ ស្អាត ដូចដែលធ្លាប់បានធ្វើកន្លងមក។

សូមបញ្ជាក់ថា​ ក្នុងរយៈបីបួនថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌរហូតមកដល់ថ្ងៃនេះសង្គេតឃើញថាមានគំនរកំប្លោកយ៉ាងច្រើនសន្ធឹកមកកកនៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ។សភាពបែបនេះប្រភពមួយចំនួនលើកឡើងថាមិនត្រឹមតែមាននៅក្រុងព្រះសីហនុ ប៉ុណ្ណោះទេ សូម្បីនៅកោះត្រល់ក៏សង្គេតឃើញមានសភាពស្រដៀងនេះដែរ។ទោះជាបែបនេះក្តីហេតុការណ៍នេះមិនទាន់មានប្រភពផ្លូវការបញ្ជាក់ថាគំនរកំប្លោកនេះមានប្រភពមកពីអោយពិតប្រាកដនៅឡើយ៕ សាវ៉ុន