ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបជួបពិភាក្សាការងារជាមួយក្រសួងបរិស្ថានលើបញ្ហាសម្រាមនិងបរិស្ថាននៅខ្នងភ្នំគូលែន

0

សៀមរាប៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានជួបធ្វើកិច្ចពិភាក្សាអំពីការងារបរិស្ថាន ក្នុងក្រុងសៀមរាប សំខាន់បញ្ហាសម្រាមនិងបរិស្ថាននៅខ្នងភ្នំគូលែន ជាមួយប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៨នេះ នៅសាលាខេត្តសៀមរាប។ មានប្រសាសន៍នោះដែរឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក៏បានលើកឡើងពីគោលបំណងធំៗ មួយចំនួន របស់ប្រតិភូក្នុងការជួបពិភាក្សា ជាមួយអភិបាលខេត្តនាពេលនេះ ដោយបានផ្តោតលើបញ្ហាបរិស្ថាន និងការរៀបចំសណ្តាប់ធ្នាប់នៅភ្នំគូលែន បញ្ហាសម្រាមក្នុងក្រុង និង ទីតាំងចាក់សម្រាម។ ឯកឧត្តមក៏បានគូសបញ្ជាក់ ថា នៅក្នុងខេត្តសៀមរាប មានតំបន់គោលដៅចំនួន៧កន្លែង ក្នុងកិច្ចការពារអភិរក្ស របស់បរិស្ថាន និង អំពីសារធាតុរបស់សហគមន៍ និង ជីវៈចម្រុះ និង ការងារICC ព្រមទាំងការងារសង្គមទៀតផង ។ ក្នុងនោះឯកឧត្តមបាន ផ្តោតទៅលើបញ្ហានៅខ្នងភ្នំគូលែន ដែលមានការពាក់ព័ន្ធទៅនឹងការកាប់ទន្ទ្រានរាយព្រៃយកដីនៅតំបន់ឧទ្យាន ដែលធ្វើឲ្យមានការបាត់បង់ធនធានធម្មជាតិ ព្រមទាំងរមនីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ ។ ឯកឧត្តមបានលើកអំពី លទ្ធផលរបស់មន្ត្រីអភិរក្សបរិស្ថាន លើកិច្ចការពារបរិស្ថាននៅតំបន់ខ្នងភ្នំគូលែន និង ការទប់ស្កាត់នូវរាល់បទល្មើសជាច្រើន ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធផងដែរ ។ ឯកឧត្តមក៏បានលើ នូវសំណូមពរមួយចំនួនដល់អភិបាលខេត្ត ជួយធ្វើការរៀបចំមន្ត្រីថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត ព្រមទាំងការរៀបចំ ទីតាំងសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវយកចេញពីមុខព្រះអង្គធំ និង ទឹកធ្លាក់លើភ្នំគូលែន ដោយបច្ចុប្បន្នបានកំពុង មានការកើនឡើង ព្រមទាំងកសាងសំណង់រឹងមាំទៀតផង ។ ឯកឧត្តម សៅ សុភាព ក៏បានលើកផងដែរ អំពីការប្រមូលគ្រប់គ្រងសម្រាមក្នុងក្រុងសៀមរាប ព្រមទាំងការកំណត់នូវទីតាំងចាក់សម្រាមឲ្យបានយូរអង្វែង ។ ឯកឧត្តមក៏បានបញ្ជាក់ថា បញ្ហាសម្រាមនេះជាបញ្ហាគ្រោះថ្នាក់បំផុត ចំពោះសុខភាពប្រជាពលរដ្ឋដែលស្ថិតនៅជិតទីតាំងចាក់សម្រាម ហើយខេត្តសៀមរាបជាតំបន់ប្រមូលផ្តុំទៅដោយទេសចរណ៍គ្រប់ជាតិសាសន៍ទៀតផង ។ ក្នុង នោះឯកឧត្តមក៏បានកោតសរសើរ ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត លើការងារបរិស្ថាន បានធ្វើឲ្យក្រុងប្រវត្តិសាស្ត្រមួយនេះ កាន់តែមានសោភ័ណ្ឌភាពស្រស់ល្អស្អាត ទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ចំពោះបញ្ហាការចន្លៀសប្រជាពលរដ្ឋនៅលើខ្នង ភ្នំគូលែន មុខព្រះអង្គធំ និង ទឹកធ្លាក់ ឲ្យទៅនៅទីតាំងថ្មីនោះ អាជ្ញាធរខេត្ត បានរៀបចំគណៈកម្មការចម្រុះ ក្នុងការ គ្រប់គ្របប្រជាពលរដ្ឋដែលរស់នៅទីនោះ ដើមី្បអាជ្ញាធរយើងធ្វើការកំណត់ឲ្យពួកគាត់មកបោះទីតាំងលំនៅដ្ឋានថ្មី ក្នុងកាបញ្ជៀសនូវផលប៉ះពាល់ និង បំពុលបរិស្ថាននៅតំបន់រមណីយដ្ឋានធម្មជាតិ ដែលជាទីកន្លែងទីសក្ការបូជ្ញា របស់បងប្អូនប្រជាពុទ្ធបរិស័ទ និង ភ្ញៀវទេសចរណ៍ទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកអំពីបញ្ហា ការប្រមូល និងគ្រប់គ្រងសម្រាមនៅគោលដៅទាំង៤សង្កាត់ក្នុងក្រុងសៀមរាប ក្នុងរយៈពេលកន្លងមក មានក្រុម ហ៊ុន កាអ៊ែរ ជាអ្នកប្រមូលដឹកជញ្ជូន ដោយមានកិច្ចកុងត្រាជាមួយខេត្ត ដោយត្រូវនឹងបញ្ចប់កិច្ចកុងត្រារបស់ខ្លួន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ និង មានក្រុមហ៊ុនថ្មីចូលមកជំនួស ដោយក្រុមហ៊ុនថ្មីនេះបានជួយ សម្រួលអន្តរាគមន៍ ក្នុងការប្រមូលសម្រាមដែលមានការកកស្ទះ ដោយមិនគិតកម្រៃរយៈពេល៣ខែ ដោយមាន កម្លាំងកម្មកររបស់សាលាក្រុងរួមសហការ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានលើពីបញ្ហាមួយចំនួន របស់ក្រុមហ៊ុន កាអ៊ែរ ដែលមិនបានគោរពទៅតាមកិច្ចសន្យា ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតទីតាំងចាក់សម្រាម តែងធ្វើការ តវ៉ា និង បិទផ្លូវមិនឲ្យរថយន្តដឹកសម្រាមចូលចាក់ជាច្រើនលើកមកហើយ ។ ឯកឧត្តមក៏បានធ្វើការបញ្ជាក់ផងដែរ អំពីទីតាំងថ្មីចាក់សម្រាម ដែលមានទំហំធំ ដែលក្រុមហ៊ុនថ្មីបានធ្វើការចាក់ជាបណ្តោះអាសន្នផងដែរ ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា បញ្ហាសម្រាមនេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស សត្វ និង ការងារកសិកម្ម ដែលនៅក្បែៗនោះ ដែលធ្វើទៅខុសបច្ចេកទេស ។ ម៉្យាងទៀតក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខភាពកុមារនៅតំបន់នោះ និង ធ្វើឲ្យខូចខាតផលដំណាំស្រូវរបស់ប្រជាពលរដ្ឋទៀតផង ។ ចំពោះបញ្ហា កិច្ចការផ្ទៃក្នុងរបស់មន្ត្រី ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តសៀមរាប ដែលបានធ្វើឲ្យមិនស៊ីសង្វាក់ការងារផ្ទៃក្នុងរបស់ ខ្លួននោះ ខេត្តក៏បានធ្វើការណែនាំមួយចំនួន និង សំណូមពរដល់ថ្នាក់ក្រសួងសាម៉ីឲ្យមានវិធានការផងដែរ ៕