លោក ជាវ តាយ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឈើស្ទឹងកែវ អំណោយសម្តេច

0

ខេត្តកំពត៖ លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឈើស្ទឹងកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជំនាញនានា មន្ត្រីរាជការសាលាខេត្ត ស្រុក ឃុំពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ សរុបប្រមាណ១៥០០នាក់ ព្រឹកថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ។

ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកទឹកឈូ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុតនូវសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។

សមិទ្ធិផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេលកន្លងមកនេះពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអានដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះបានទេ ពិសេសក៏មិនអាចរៀបចំធ្វើពិធីសម្ពោធស្ពាននេះបានដែរ។ សន្តិភាពដែលយើងកំពុងមាននាពេលនេះ គឺបានមកពីការលះបង់អាយុជីវិតរបស់អ្នកស្នេហាជាតិ ពិសេស សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវចូលរួមការពារសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ។

សូមជម្រាបថាស្ពានឈើប្រវែង៨០ម៉ែត្រគុណ៣ម៉ែត្រគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ថវិកាតាមរយៈរដ្ឋបាលខេត្តកំពតចំនួន ៦៥លានរៀល សម្រាប់ដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ៕