រាជធានីភ្នំពេញ-ខឿនផ្លូវក្រោមស្ពានអាកា៧មករា៣កង់ត្រូវបាក់ដោយសាររថយន្តកាមរីគូទហើមពណ៌ស្ករ មួយគ្រឿងបើកបរដោយបុរសជនជាតិកូរ៉េ ស្រវឹងស្រាជោកជាំម្នាក់បុកកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៤ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនជាតិកូរ៉េខាងលើឈ្មោះ Andy Kim អាយុ៣០ឆ្នាំជាម្ចាស់ហាងផឹកស៊ីមួយកន្លែងនៅម្ដុំទឹកថ្លា ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក អៀង វ៉ិច ប្រធានគោលដៅចរាចរស្ពានអាកាស៧មករាបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តកាមរីគូទហើម ពណ៌ស្ករ
មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-6552 បើកបរដោយបុរសជនជាតិកូរ៉េស្រវឹងស្រាជោកជាំម្នាក់បានធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងក៏បួងចង្កូតមិនទាន់ទើបជ្រុលទៅបុកនិងខឿនផ្លូវក្រោមស្ពានអាកាស៧មករាបាក់អស់៣កង់ រួចព្យាយាមបើករត់តាម
ផ្លូវ២៧១ បានប្រមាណ១គីឡូម៉ែត្រទល់មុខស្នាក់ការ កាកបាទក្រហមកម្ពុជា ទើបត្រូវប៉ូលិសចរាចរដែលប្រចាំការ២៤ម៉ោងនៅក្រោមស្ពានអាកាស៧មករានោះឃើញក៏ដេញតាមឃាត់បានវិញ។ ក្រោយពេលកើតហេតុរថយន្តបង្កហេតុខាងលើត្រូវបានប៉ូលិសចរាចរស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយ៕