រដ្ឋមន្ត្រីបីក្រសួងអមដោយមន្ត្រីជំនាញជាច្រើនរូប និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានចុះពិនិត្យមើលជាក់ស្តែងនូវប្រពន្ធ័បង្ហូរទឹកកខ្វក់

0

ខេត្តព្រះស៊ីហនុ៖ នៅល្ងាចថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តម ថោង ខុន​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ,តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងារពាក់ព័ន្ធជាច្រេីនរូបទៀត បានចុះទៅពិនិត្យផ្ទាល់ប្រពន្ធ័បង្ហូរទឹកកាកសំណល់ និងទឹកកង្វក់ពីតាមការដ្ឋានសំណង់ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាគាពាណិជ្ជកម្មនិងលូបង្ហូរទឹក ដែលហូរចាក់ចូលទៅកាន់សមុទ្រ។

គោលបំណងសំខាន់នៃបេសកកម្មរួមគ្នាគ្រានេះគឺ ដើម្បីរកដំណោះស្រាយភ្លាមៗនូវបញ្ហាចំពោះមុខធ្វើយ៉ាងណាកុំអោយទឹកកខ្វក់ហូរចូលទៅសមុទ្រដោយមិនបានចម្រោះអោយបានស្អាតជាមុន។

ជាមួយគ្នាក្រុមការងារក៏បានចុះទៅពិនិត្យទីតាំងស្ថានីយ៍បូមទឹកកង្វក់ និងអាងប្រព្រឹត្តិកម្មទឹកកង្វក់មួយចំនួន តាមបណ្ដោយឆ្នេរសុខា ឆ្នេរអូឈើទាល រហូតដល់ស្ថានីយ៍ចម្រោះសំអាតទឹកកាកសំណល់ ទំហំ១៦ហិចតា នៅក្រុងព្រះសីហនុផងដែរ។

តាមរយៈនេះថ្នាក់ដឹកនាំបានពិភាក្សាគ្នា​ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះក្នុងការលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍ជាប់មាត់សមុទ្រមួយនេះអោយកាន់តែមានភាពល្អប្រសេីរឡេីង។

គួរបញ្ជាក់ថាកន្លងមកនេះបញ្ហាប្រពន្ធ័ប្រឡាយអូរទឹកស្អុយនិងបញ្ហាទឹកកខ្វក់ហូរចូលទៅសមុទ្រកំពុងក្លាយជាប្រធានបទក្តៅគគុកនិងលំបាកស្មុគស្មាញជាខ្លាំង។
លំបាកស្មុកស្មាញដោយហេតុថាប្រពន្ធ័អូរប្រឡាយបង្ហូរបានរងការរំលោភកាន់កាប់និងមួយវិញទៀតការខ្វះធនធានហិញវត្ថុដើម្បីស្តារអោយប្រសើរឡើងវិញ។

ទោះជាបែបនេះក្តីថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយមានការគាំទ្រពីក្រសួងពាក់ពន្ធ័បាននឹងកំពុងរៀបចំស្តារកែលម្អជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងបញ្ហាទឹកសំអុយនៅក្រុងព្រះសីហនុអោយបានល្អចៀសវាងការហូរចូលតៅសមុទ្រដោយផ្ទាល់មិនបានឆ្លងកាត់អាងប្រព្រឹត្តិកម្មដែលមានស្តង់ដារអាចទទួលយកបាន៕
(អត្ថបទនិងរូបភាព៖ វ៉ុន)