ឯកឧត្តម Peter Kazimir ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវាក បំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីប្រវត្តិខេត្តសៀមរាប

0

សៀមរាប៖ ឯកឧត្តម Peter Kazimir ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវាក នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអង្គរ-សៀមរាប បានបង្ហាញអំពីគោលជំហរទូលំទូលាយ នៃការធ្វើឲ្យប្រសើរឡើងថែមទៀត កិច្ចសហប្រតិបត្តិការ ( ស្លូវាក-កម្ពុជា ) !
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋស្លូវ៉ាក ដែលដឹកនាំដោយ ឯកឧត្តម Peter Kazimir ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែនដីកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ គឺជាសក្ខីភាព ឆ្លុះបញ្ចាំងឲ្យឃើញអំពីចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនិងប្រជាជន ប្រទេសទាំងពីរ ( ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋស្លូវ៉ាក) កាន់តែរឹងមាំទ្វេឡើងថែមទៀត ។
ក្នុងកិច្ចទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញដល់របស់ឯកឧត្តម Peter Kazimir ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវាក និង ប្រតិភូអមដំណើរ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល២ថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុង ខណពេលដែលឯកឧត្តម អញ្ជើញដឹកនាំប្រតិភូខេត្តសៀមរាប ទទួលបដិសណ្ឋាកិច្ច ។ ក្នុងឱកាសនោះដែល ក៏មានវត្តមានរបស់ ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសហការីទទួលស្វាគមន៍ ផងដែរ ។
ដំណើទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវាក នៅតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិ នៃខេត្តសៀមរាប មានរយៈពេល២ថ្ងៃ ក្នុងនោះរួមមានគោលដៅសំខាន់ៗចំនួនពីរ គឺ ប្រាសាទអង្គវត្ត នៅរសៀលថ្ងៃអាទិត្យទី១៤ ខែតុលា និង ព្រឹកថ្ងៃច័ន្ទទី១៥ អញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ ជីវចម្រុះបឹងទន្លេសាប ។
តាមការបញ្ជាក់របស់ឯកឧត្តម Peter Kazimir ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋ ស្លូវាក នៅប្រាសាទអង្គរវត្ត បានបង្ហាញអំពីគោលជំហរទូលំទូលាយ នៃការធ្វើឲ្យប្រសើរឡើងថែមទៀត កិច្ចសហប្រតិបត្តិការ ( ស្លូវាក-កម្ពុជា ) ។ ឯកឧត្តមក៏បានបង្ហាញឲ្យដឹងផងដែរ អំពីការចាប់អារម្មណ៍ និងកោតស្ញប់ស្ញែងចំពោះសំណង់ស្ថាបត្យកម្មនៃដូនតាខ្មែរ(ប្រាសាទអង្គរវត្ត) ដែលជាបេតិកភណ្ឌនៃមនុស្សជាតិ ថាពិតជាអស្ចារ្យ ប្រៀបបីដូចជាសំណង់ទេពនិម្មិតក៏កំពូលដ៏មានឥទ្ធិពលឆក់បេះដូងនៃភ្ញៀវទេសចរគ្រប់ជាតិសាសន៍ លើពិភពលោក ។
តាមការកត់សម្គាល់ជាប្រវត្តិសាស្រ្ត ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋស្លូវ៉ាក បានភ្ជាប់កិច្ចទំនាក់ទំនងការទូតជាមួយគ្នា កាលពីអំឡុងឆ្នាំ១៩៩៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កាលពីកំឡុងឆ្នាំ២០០៦ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅបំពេញព្រះរាជកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋស្លូវ៉ាក ។ ខែកញ្ញា ឆ្នាំ ២០១០កន្លងទៅ ឯកឧត្តម Ivan Gasparovic ប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាក និង ប្រតិភូជាន់ខ្ពស់ ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាផងដែរ ។
យ៉ាងណាក៏ដោយបើទោះជាប្រទេសទាំងពីរនៅពុំទាន់មានស្ថានទូតនៅក្នុងប្រទេសរៀងៗខ្លួន ក៏ប៉ុន្តែប្រទេសទាំងពីរ បានបំពេញកិច្ចការជាច្រើន ក្នុងន័យបង្កើនចំណងមិត្តភាព សាមគ្គីភាពទ្វេភាគី ជាពិសេសគឺការពង្រីកនូវកិច្ចសហប្រតិបត្តិការរ កាន់តែរឹងមាំជាបន្តបន្ទាប់ ៕