រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីគម្រប់ខួប៦ឆ្នាំ នៃការយាងចូលទីវង្គត់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ!

0

ព្រះវិហារ: រដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងមន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៨ បានប្រារព្ធពិធីគម្រប់ខួប៦ឆ្នាំ នៃការយាងចូលទីវង្គត់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានឃ្លាតឆ្ងាយពីកូន ពីចៅ ចៅទូត ទាំងក្តីអាឡោះអាល័យពន់ពេកបំផុត។ទូលព្រះបង្គំជាកូន ជាចៅ ចៅទូតព្រះអង្គ រដ្ឋបាលខេត្តព្រះវិហារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋរបស់ព្រះអង្គ សូមលំឱនកាយថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវរៈក្សត្យ ព្រះវរៈរាជបិតាឯករាជ្យ បូរណភាពដែនដី ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមព្រះវិញ្ញាណក្ខន្ឋព្រះអង្គ ស្តេចយាងសោយសុខក្នុងព្រះបរមសុខ កុំបីឃ្លាងឃ្លាតឡើយ។

សូមព្រះវិញ្ញាណក្ខន្ឋរបស់ព្រះអង្គ ជួយឃុំគ្រងប្រមុខរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សូមជួបតែក្តីសុខ និងការអភិវឌ្ឍន៍ប្រទេសឲ្យមានការីកចម្រើន។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យគម្រប់ខួប៦ឆ្នាំ នៃការយាងចូលទីវង្គត់របស់ព្រះករុណា ព្រះបរមរតនកោដ្ឋនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងមន្រ្តីក្រោមឱវាទ បានអញ្ជើញរាប់បាត និងប្រគេនស្លាដក់ព្រមទាំងបច្ច័យដល់ព្រះសង្ឃ និងចែកជូនអំណោយដល់ លោកយាយលោកតាដែលបានអញ្ជើញចូលរួមផងដែរ៕