មន្ត្រីរាជកាខេត្តកំពង់ធំ ចងចាំមិនអាចបំភ្លេច គុណូបការៈដ៏ថ្លៃថ្លារបស់អង្គព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃច័ន្ទ ០៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ឆ្នាំ ដែលព្រះអង្គបានយាងសោយទិវង្គត។

ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សខេត្ត លោក ហួន វ៉ាន់និត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់ប្រសូត្រ​នៅថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានីភ្នំពេញ។ ព្រះអង្គ គឺជាព្រះរាជបុត្រនៃព្រះបាទនរោត្តម សុរាម្រឹត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសមៈ។

ព្រះអង្គបាន​យាង​សោយទិវង្គត នៅ​វេលា​ម៉ោង១​៖​២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ​ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕