អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ គោរព​វិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

0

កំពង់ចាម​:​ ស្របពេលនឹងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការគោរព ទៅដល់វិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធឹស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​ រួមជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញ​ខេត្តកំពង់ចាម គោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ។
ពិធីនេះបានប្រារព្ធឡើង យ៉ាងអធិកអធ័ម ទៅតាមជំនឿសាសនា នៅបរិវេណវាលស្មៅ ផ្នែកខាងមុខអគារដ្ឋបាល សាលាខេត្តកំពង់ចាម ដែលមានអ្នកចូលរួមប្រមាណជាង៥០០នាក់ ក្នុងគោលបំណងដើម្បី ក្រើនរំលឹកឡើងវិញ នូវរាល់ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថ របស់ព្រះករុណាមហាវីរក្សត្រព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ ព្រះវរាជបីតា ឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺបានបញ្ជាក់ និងបង្ហាញទៅដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានយល់ច្បាស់ថា ការយាងចូលទីវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ ព្រះមហាក្សត្រឆ្នើម ដែលកម្រនឹងកើតមាន នៅក្នុងប្រវត្តិសាស្ត្រ នៃកម្ពុជា ។
នាឱកាស ដ៏វិសេស វិសាលនោះ ឯកឧត្ដម គួច ចំរើន និងឯកឧត្ដម ប្រធានក្រុមប្រឹក្សា ក៏ដូចជា ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក៏បានឈរស្មឹងស្មាត នៅចំពោះមុខព្រះឆាយល័ក្ខព្រះអង្គ និងអុធទៀនធូប គោរព​ដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សី ហនុ ដែលជាការក្រើនរំលឹក នូវគុណូបការៈគុណដ៏ធ្ងន់បំផុត របស់ព្រះបរមរតនកោដ្ឋ នៃយើងទាំងអស់គ្នា ដែលត្រូវជាកូនចៅ ចៅទួត របស់ព្រះអង្គ សូមលំឱនកាយ វាចារចិត្ត សំដែងនូវការគោរព ការដឹងគុណយ៉ាងជ្រាលជ្រៅ រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះ ស្នាគ្រហស្ថដ៏ធំធេងរបស់ព្រះអង្គ ដែលព្រះអង្គបានចំណាយពេលស្ទើរមួយជីវិត របស់ព្រះអង្គ លះបង់កម្លាំងកាយ កម្លាំងចិត្តយកអស់ទាំងប្រាជ្ញាស្មារតីស្នេហាជាតិ បម្រើជាតិ និងប្រជាជនតាំងពីព្រះអង្គ នៅវ័យកុមារព្រះជន្ម ៨ព្រះវស្សា រហូតដល់ព្រះអង្គមានព្រះជន្ម ៩០ព្រះវស្សាគត់ នៃថ្ងៃចូលទីវង្គត របស់ព្រះអង្គ ។ ដូច្នេះ តាំងនាមមន្ត្រីរាជការ ក៏ដូចជា បងប្អូនជនរួមជាតិទាំងអស់ ពិសេស បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ក៏ដូចជា តំណាងមន្ត្រីរាជការ ដែលបានអញ្ជើញមកចូលរួមពិធីគោរពវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ នាពេលនេះ សូមលើកដៃប្រណម្យ សំពះបួងសួង បន់ស្រន់សូមឲ្យឌួងព្រះវិញ្ញាណក្ខ័ន្ធ របស់ព្រះអង្គ បានយោនយោគកំណើត និងសោយសុខក្នុងដ្ឋានព្រះបរមសុខ និងសូមឲ្យព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ តាមជួយបីបាច់ថែរក្សាការពារប្រជារាស្ត្រ និងមាតុភូមិកម្ពុជា ឲ្យជួបប្រទះតែសេចក្ដីសុខសន្តិភាព សេចក្ដីចំរើន និងថ្កុំថ្កើនរុងរឿងយូរអង្វែង តរៀងទៅ នាពេលអនាគត ៕