រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ បន្ទាប់ពីក្រសួងដែនដីចេញសេចក្តីណែនាំអោយបញ្ឈប់ការអនុញ្ញាតអោយសាង់បណ្តើរ រត់ច្បាប់បណ្តើរ

0

ព្រះសីហនុ៖ រយៈពេលជាងពីឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅខេត្តព្រះសីហនុ បាននឹងកំពុងរីដូចផ្កាទាំងតូចទាំងធំ។សំណង់ទាំងនោះខ្លះមានច្បាប់ ខ្លះកំពុងរត់ច្បាប់បណ្តើរ សាងសង់បណ្តើរនាព្រឹកថ្ងៃអង្គារ ទី១៦ខែតុលាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ផងដែរ ដើម្បីពន្យល់ដល់សាធារណៈជន ជាពិសេសម្ចាស់គម្រោងសាងសង់សំណង់ទាំងឡាយនៅខេត្តព្រះសីហនុ អោយបានយល់ពីលក្ខណៈបច្ចេកទេសនៃសំណង់និងច្បាប់អនុញ្ញាតអោយសាសងសំណង់តាមបទដ្ឋានត្រឹមត្រូវតបតាមការណែនាំរបស់ក្រសួងដែនដី។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖កន្លងមក ខេត្តបានអនុញ្ញាតអោយសាងបណ្តើររត់ច្បាប់ជាបណ្តើរដើម្បីឆ្លើយតបនឹងសភាពការអភិវឌ្ឍគំហុកនៅខេត្តព្រះសីហនុ ។ការអោយសាងបែបនេះ ឯកឧត្តម បានពន្យល់ថា ក៏មានមន្ត្រីជំនាញបានចុះពិនិត្យជាក់ស្តែងនៅទីតាំងនិងលក្ខណៈបច្ចេកទេសនៃសំណង់នោះដែរ។
តែថ្មីនេះក្រសួងបានបញ្ជាក់ថាមិនអោយធ្វើបែបនេះទៀតទេដោយតម្រូវអោយរងចាំរត់ច្បាប់រួចរាល់សិន។
តែយ៉ាងណា ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានរំលេចថា៖ចំពោះសំណង់ត្រឹម ៣០០០ម២ ចុះក្រោមជាសមត្ថកិច្ចរបស់ខេត្ត ខេត្តនឹងពិនិត្យជម្រុញការរត់ច្បាប់អោយបានលឿនបំផុត តែចំពោះសំណង់ណាដែលជាសមត្ថកិច្ចរបស់ក្រសួង ឯកឧត្តម យន្ត មីន នឹងជួយជម្រុញអោយបានលឿនផងដែរ។

ទោះជាបែបនេះក្តី ម្ចាស់គម្រោងនៃសំណង់ខ្លះនៅតែទទូចស្នើសុំសាងសង់បណ្តើររត់ច្បាប់បណ្តើរដោយលើកហេតុផលថាការរត់ច្បាប់ហាក់ត្រូវចំណាយពេលយូរពេក។ ណាមួយទៀតពួកគាត់ខ្លះយកប្រាក់កំចីពីធនាគារដើម្បីធ្វើការវិនិយោគ បើកាលណាការរត់ច្បាប់ចំណាយពេលយូរពេកវានាំប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ពួកគាត់ដែរ។ពួកគាត់នៅតែទទូចស្នើសុំពន្លឿនការរត់ច្បាប់សាងសង់និងសុំធ្វើបណ្តើរ រត់ការបណ្តើរ។

លោក លោក ជិន សេង អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា
តាមបទដ្ឋានបច្ចេកទេសនៃសំណង់ត្រូវតែគោរពតាមលក្ខខណ្ឌ័ចាំបាច់៥ចំណុច៖១.ធ្វើរបងព័ទ្ធការដ្ឋានសំណង់កំពស់យ៉ាងតិច 2ម៉ែត្រ ពីនិវោ 0 នៃគម្រោងដែលក្នុងនេះត្រូវរៀបជើងរបងអំពីថ្មកម្ពស់យ៉ាងតិច 80 សង់ទីម៉ែត្រដើម្បីកុំអោយដីសំណល់រឹងនិងរាវហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរឆ្នេរសមុទ្រ សមុទ្រ ព្រែក អូរ បឹង និងទីតាំងសាធារណៈក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យសោភ័ណភាពនិងបរិស្ថានសាធារណៈ។
២.រក្សាទុកចិញ្ចើមផ្លូវឱ្យបានទូលាយយ៉ាងតិចស្មើនឹង 2 ភាគ 3 នៃប្រវែងទទឹងចិញ្ចឹមផ្លូវសម្រាប់អោយអ្នកថ្មើរជើងធ្វើដំណើរប្រកបដោយសុវត្ថិភាព។៣.រៀបចំទុកដាក់សម្ភារៈសំណង់គ្រឿងចក្រ ឧបករណ៍សាងសង់ ការិយាល័យការងារ រោងជាង កន្លែងស្នាក់នៅរបស់កម្មករក្នុងបរិវេណរបងហ៊ុព័ទ្ធការដ្ឋានសាងសង់។
៤.មុនសាងសង់ ត្រូវធ្វើបង្គន់អនាម័យ និងអាងចំរោះត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ។
៥.រក្សាសុវត្ថិភាព បរិស្ថាន អនាម័យ និងគោរពអ្នកជិតខាង ដើម្បីអោយមានសុខដុមរម្យនា។

លោក បញ្ជាក់ថានេះជាបទដ្ឋានបច្ចេកទេសត្រូវអនុវត្តទូទាំងប្រទេស។លោក ជិន សេង ស្នើសុំអោយអ្នកម៉ៅការ ឬម្ចាស់គម្រោងទាំងឡាយត្រូវចូលរួមអនុត្តអោយមានម៉ឺងម៉ាត់ដើម្បីធានាភាពល្អប្រសើរ។
ទន្ទឹមនេះក្រសួងដែនដី បានបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីតាមមើលកាដ្ឋានសំណង់ទាំងឡាយនៅខេត្តព្រះសីហនុ ក្នុងការអនុវត្តនូវចំណុចទាំង៥នេះបានត្រឹមត្រូវដែរឬទេ?
ប្រសិនជាមិនជាការដ្ឋានសំណង់ណាមិនបានបំពេញគ្រប់តាមលក្ខខណ្ឌនេះទេ នឹងធ្វើកាផ្អាកសំណង់នោះជាបណ្តោះអាសន្ន។ការផ្អាកលើកទី១មិនស្តាប់ នឹងចេញផ្អាកលើកទី២ បើនៅតែមិនចូលរួមនឹងបិទការដ្ឋានបណ្តោះអាសន្ននិងបន្ទាប់មកកសាងសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់។
សូមបញ្ជាក់ថាក្នុងឱកាសនេះដែរក៏មានចែកជូនសៀវភៅណែនាំជូនតាមការដ្ឋានសំណង់ទាំងអស់ដើម្បីស្វែងយល់បន្ថែមទៀត។

យ៉ាងណាជុំវិញសំណើរបស់ម្ចាស់សំណង់ខ្លះ បានស្នើសុំសាងសង់បណ្តើររត់ច្បាប់បណ្តើរដូចមុននោះ
លោកជិន សេង មិនបានបញ្ជាក់យ៉ាងណោះនោះទេតែលោក កត់សំគាល់ថា ឯកសារទៅដល់ក្រសួងត្រឹមតែរយៈពេល៤៥ថ្ងៃប៉ុណ្ណោះនឹងបំពេញចប់រួចរាល់។តែអ្វីដែលយឺតយ៉ាងកន្លងមកលោកសំគាល់ឃើញថាដោយសារបញ្ហាការគូរប្លង់ស្ថាបត្យកម្មយូរពេក។ករណីនេះ លោក ជិន សេង អោយយោបល់ថា ម្ចាស់គម្រោងអាចរកអ្នកគូរប្លង់ ដើម្បីគូរប្លង់នេះអោយបានលឿនទៅគឺលែងជាបញ្ហាយឺតយ៉ាវទៀតហើយ។

ជាមួយគ្នានេះដែរ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបញ្ជាក់ថាកន្លងមកច្បាប់ មានអនុក្រឹត្យដើម្បីតាមដាននិងអនុវត្តច្បាប់ទាក់ទងនឹងការគ្រប់គ្រងបរិស្ថានដែលពាក់ពន្ធ័សំណង់នានា។
លោក ថា ចំពោះទីតាំងសំណង់ណាដែលបានពិន័យអន្តរការរួចហើយតែការដ្ឋាននោះនៅតែមិនអនុវត្តតាម មន្ទីរ គ្រោងនឹងកសាងសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់។
ទន្ទឹមនោះដែរ លោក ប្រធានមន្ទីរបរិស្ថាន សូមស្នើម្ចាស់គម្រោងទាំងអស់ត្រូវតែចូលរួមគោរពតាមច្បាប់អោយត្រឹមត្រូវដើម្បីគោលបំណងលើកកំពស់បិរស្ថាននិងទប់ស្កាត់ការបំពុលបរិស្ថាន៕