អភិបាល​ខេត្ត​កំពង់ចាម​ ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​រាំរ៉ៃ​មួយ​ នៅ​ស្រុក​ជើងព្រៃ​

0

កំពង់ចាម: ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ បានអញ្ជើញចុះដោះស្រាយ ករណីវិវាទ​ដីធ្លី​ដ៏​រាំរ៉ៃ​ ដោយ​បិទផ្លូវមិនឲ្យ​ប្រជាពលរដ្ឋ​ដើរ​ ស្ថិតនៅ​ក្នុង​ភូមិ​តាសែន​ ឃុំ​សូទិព​ ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​ ដោយរឿងវិវាទនេះ គឺមានរយៈពេលប្រមាណជា៧ខែមកហើយដោះមិនចប់សោះ។ប៉ុន្តែករណីនេះ នាព្រឹកថ្ងៃទី១៧ តុលា នេះ រឿងវិវាទ បិទផ្លូវ ត្រូវបាន​ឯកឧត្ដម​ អភិបាលខេត្តសម្រេច​ឲ្យ​បើកផ្លូវនោះវិញ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះផ្លូវនោះជាសម្បត្តិរដ្ឋ។
គួររំលឹក​ផង​ដែរ​ថា កាលពី៦ ទៅ ៧ខែមុន ករណី​បិទ​ផ្លូវ​នេះគឺផ្តើមចេញពីការលក់ដី ដោយឈ្មោះ ស្រៀង សៀងលី ភេទស្រី អាយុ២៧ឆ្នាំ ជាម្ចាស់ដី ចង់លក់ដី ឲ្យ​ទៅឈ្មោះ កែម សុផាន់ ។ប៉ុន្តែ ក្រោយមក ការលក់ដូរ មិនបានជោគជ័យ ហើយភាគីទាំង២ ក៏បានមានការឈ្លោះ រកាំ រកុះ នឹងគ្នារហូតដល់ ឈ្មោះ កែម សុផាន់ បានបិទផ្លូវដី ទទឹង៤ ម៉ែត្រ មិនឲ្យ​ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវនោះ ។ហើយ បន្តបន្ទាប់មក ឈ្មោះ សៀងលី បានដាក់ពាក្យបណ្តឹង ដោយមានប្រជាពលរដ្ឋ៥០នាក់ ផ្តិតមេដៃគាំទ្រ ដើម្បីស្នើសុំ ឲ្យ​មានការបើកផ្លូវនោះវិញ ។ប៉ុន្តែ ករណីនេះ ថ្នាក់ឃុំ ស្រុក ដោះស្រាយមិនបានជោគជ័យ បន្ទាប់មក រឿងនេះ បានធ្លាក់ដល់ដៃ​ ឯកឧត្ដម​ អភិបាលខេត្ត​កំពង់ចាម​ និង ហើយ​លោក​បាន​អញ្ជើញ​ចុះមកធ្វើការដោះស្រាយដោយផ្ទាល់តែម្តង ដែលជាលទ្ធផល ឯកឧត្ដម​ អភិបាលខេត្ត បានសម្រេច ឲ្យ​មានការបើកផ្លូវនោះ​ឡើង​វិញក្នុងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ដោយហេតុថា ផ្លូវដីនោះ ជាផ្លូវរបស់រដ្ឋ ៕