ប្រជាពលរដ្ឋងាយរងគ្រោះ៤០០គ្រួសារទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំននួន៤០០គ្រួសារ មកពី៣ឃុំ គឺ(ឃុំបល្ល័ង្ក ឃុំអំពិល ឃុំកន្ទ្រាំង) ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហកម្ពុជាខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាល នៃ គណៈអភិបាលខេត្ត និង លោកជំទាវ នៅបរិវេណវត្តត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨នេះ ។
តាមសេចក្តីរាយការណ៍របស់លោក នឹម សុវណ្ណ អភិបាលស្ដីទីនៃគណៈអភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ប្រជាពលរដ្ឋមកពី២០ភូមិ ក្នុងឃុំទាំង៣នៃស្រុកបាសាទបាគង ដែលមានមុខរបរជាកសិករ បានជួបនូវកង្វះខាតនូវ ស្បៀងអាហារប្រចាំថ្ងៃ ដែលជាគ្រួសារងាយរងគ្រោះទៀតផង។
តាមការបញ្ជាក់របស់លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងពីប្រភពអំណោយដែលបានផ្ដល់ជូននាពេលនេះ គឺទទួលបានការឧបត្ថម្ភពីសមាគម វី ឆារីថេបល ហ្វោនដេសិន ដែលផ្តល់តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ហើយបាននិងកំពុងប្រតិបត្តិការជួយសង្គ្រោះ និង ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដោយគណៈអភិបាល ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត ចាប់តាំងពីថ្នាក់ជាតិរហូតដល់សហគមន៍មូលដ្ឋាន ដោយមានការសហការពីអាជ្ញាធរសាធារណណៈ គ្រប់លំដាប់ថ្នាក់ ដៃគូសហប្រតិបត្តិការ ស្ថាប័នពាក់ព័ន្ធ សប្បុរសជនជាតិ និង អន្តរជាតិ ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា ក៏ដូចជាអាជ្ញាធរសាធារណៈគ្រប់លំដាប់ថ្នាក់ ក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ចោលឲ្យស្លាប់ដោយអត់អាហារឡើយ ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ដូច្នេះហើយអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ សំខាន់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ជាពិសេសគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រី ម៉េម៉ាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាជាដើម ។ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការអរគុណចំពោះបងប្អូនសប្បុរសជន នៃសមាគម វី ឆាយរីថេបល ហ្វោនដេសិន ដែលមានសន្ដានចិត្តមនុស្សធម៌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា ជាក់ស្តែងក្នុងការចុះមកផ្ទាល់ដល់មូលដ្ឋាន ទោះបីការធ្វើដំណើរឆ្ងាយមានការលំបាកយ៉ាងណាក៏ដោយ ក្នុងទឹកចិត្តមនុស្សធម៌ចំពោះប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរ ដល់សមាគមនេះសូមបន្តប្រពៃណីមនុស្សធម៌នេះ ទៅតាមបណ្តាស្រុក ឃុំផ្សេងៗទៀតផង ។
ឯកឧត្តមបណ្ឌតិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព អនាម័យ ក្នុងការរស់នៅ ជាសំខាន់គឺកុមារតូចៗ ស្ត្រីមានផ្ទៃពោះ ងាយរងទទួលជម្ងឺឆ្លងផ្សេងៗ បើឃើញថាមិនស្រួលត្រូវប្រញាប់នាំទៅមណ្ឌលសុខភាពដែលនៅតាមមូលដ្ឋានខ្លួន និង ផ្តាំផ្ញើដល់បងប្អូនទាំងអស់នៅពេលជួបប្រធានស័ក្តណាមួយ សូមរត់រកនូវទីកន្លែងសុវត្ថិភាព ព្រមទាំងត្រូវធ្វើការដាំដុះដំណាំរួមផ្សំក្នុងការដោះស្រាយជីវភាពគ្រួសារ និង ត្រៀមលក្ខណៈក្នុងការប្រមូលផលស្រូវក្នុង ស្រែនាពេលខាងមុខផងដែរ ។
អំណោយដែលផ្តល់ជូនបងប្អូនទាំង៤០០គ្រួសារ ១គ្រួសារទទួលបាន អង្ករ ២៥គក្រ,មី ១កេស ត្រីខ១យូរ ,ត្រី១យូរ និង ថវិកាមួយចំនួនផងដែរ ៕