ពេទ្យសត្វខេត្តបន្ទាយមានជ័យស្ទាក់ចាប់រថយន្តដឹកសាច់មាន់ខូចគុណភាពជាងមួយតោននៅប៉ោយប៉ែត

0

ឃិន គន្ធា :  បន្ទាយមានជ័យ​ :​ កម្លាំងជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានដេញស្ទាក់ចាប់រថយន្តមួយគ្រឿងដែលសង្ស័យថាបានដឹកផលិតផលបក្សីខូចគុណភាពដែលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ការស្ទាក់ចាប់ធ្វើឡើងនៅម៉ោង១២និង៣០នាទីសៀលថ្ងៃទី១៩ខែវិច្ឆិកា​ឆ្នាំ២០១៨នៅមុខអធិការដ្ឋាននគរបាលក្រុងស្ថិតក្នុងភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
​ លោក​ ហ៊ុយ​ ទូច​ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបាននិយាយថា​ ដោយទទួលបានព័ត៌មានពាក់ពន្ធ័នឹងការដឹកជញ្ជូនផលិតបក្សីដែលខូចគុណភាព​ និងក្រោមការសម្របសម្រួលពីលោក​ តេង​ សាម៉ៃ​ ព្រះរាជ្ញារងអមអយ្យការសាលាដំបូងខេត្តកម្លាំងជំនាញបានប្រតិបត្តិការដេញស្ទាក់និងចាប់រថយន្តបាននៅចំនុចមុខអធិការដ្ឋាននគរបាលក្រុង​ ប៉ោយប៉ែត។ ក្រោយស្ទាក់ជាប់អ្នកបើកបរថយន្តប្រព្រឹត្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុ​ ។
​ លោក​ ហ៊ុយ​ ទូច​ បានបន្តថា​ក្រោយពីបានរើ និងថ្លឹងផលិតផលបក្សី ចុងស្លាបនិងកោះមានចំនួន១២៨៤គីឡូក្រាម​ ស្មើនឹង១០៧កេះ។ ហើយដោយអនុវត្តទៅតាមវិធានមន្រ្តីពេទ្យសត្វ និងក្រោមការឯកភាពពីលោកព្រះរាជ្ញាផលិតផលបក្សីទាំងនេះត្រូវបានធ្វើការដុតកម្ទេចចោលនៅទីធ្លាក្នុងភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
​ លោកប្រធានការិយាល័យបានបញ្ជាក់ផងដែរថា​ ក្រោមការណែនាំរបស់លោក​ តាន់​ ផាន់ណារ៉ា​ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ​ និងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមន្រ្តីជំនាញតែងតែធ្វើការអប់រំណែនាំនិងទប់ស្កាត់នូវផលិតផលបក្សីដែលឈ្មួញលួចធ្វើចរាចរណ៍ឆ្លងកាត់ពីប្រទេសជិតខាងមកដុតកម្ទេចចោលជាបន្តបន្ទាប់។