មន្ត្រីរាជការ ពុទ្ធបរិស័ទច្រើនកុះករចូលរួមពិធីសាងផ្នួស ឯកឧត្តម សុខ លូ តបស្នងសងគុណចំពោះមាតា បិតា និងផ្សាភ្ជាប់ឧបនិស្ស័យចំពោះព្រះពុទ្ធសាសនា

0

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកំពង់ធំ បានរៀបសាងផ្នួសរយៈពេលខ្លី ដើម្បីជាបដិការតបស្នងសងគុណចំពោះមាតា បិតា និងដើម្បីផ្សាភ្ជាប់ឧបនិស្ស័យចំពោះព្រះពុទ្ធសាសនា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

វត្តមានអញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមលោកជំទាវ
លោក លោកស្រីជាថ្នាក់ដឹកនាំ ខេត្តប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

យោងតាមការជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា៖ឯកឧត្តម អភិបាលខេត្តនឹងសាងផ្នួសរយ:ពេលខ្លី ចាប់ពីថ្ងៃទី ១៦-២០/០១/២០១៩។ កម្មវិធីលំអិត

១)ថ្ងៃទី១៦_០១_២០១៩: ម៉ោង១៖៣០រសៀល ពិធីក្រុងពាលី និងកោរសក់
២)ថ្ងៃទី១៧_០១_២០១៩ ម៉ោង៧៖៣០ ចូលរួមទទួលសម្តេច នន្ទ ង៉ែត ក្នុងពិធីដង្ហែរនាគ និងពិធីបំបួស។
៣) ថ្ងៃទី២០_០១_២០១៩ម៉ោង៨ព្រឹក មានពិធីលាចាកសិក្ខាបទ។
កម្មវិធីខាងលើនេះ ប្រសិនបើលោក លោកស្រី មានសទ្ថាជ្រះថ្លា អាចអញ្ជើញចូលរួម ពិសេសគឺនៅព្រឹកថ្ងៃទី ១៧_០១_២០១៩ វេលាម៉ោង ៧:៣០ព្រឹក។

ដោយឡែក សម្រាប់កម្មវិធីរាប់បាត្ររបស់រដ្ឋបាលខេត្តថ្ងៃទី១៨_០១_២០១៩ ម៉ោង៧៖៣០ព្រឹក រាប់បាត្រព្រះសង្ឃ ដែលនិមន្តព្រះសង្ឃចំនួន ១០៨អង្គ ក្នុងនោះមានមន្ត្រីសង្ឃនិមន្តមកពីតាមបណ្តាក្រុង ស្រុកផងដែរ។

អាស្រ័យហេតុនោះ សូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញចូលរួមតាមការគួរ និងអនុមោទនាបុណ្យរៀងៗខ្លួនកុំបីខាន។