ប្តីបើកឡានបុកគូថឡានគេហើយរត់គេចខ្លួនទៅចោលប្រពន្ធគ្រោះថ្នាក់ជាមួយស្លាប់នៅមន្ទីរពេទ្យស្រុកស្ទោង

0

កាលពីយប់ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២២ៈ១០នាទី លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ ភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុករថយន្តកែច្នៃ ក្នុងទិសដៅស្របគ្នាពីកើតទៅលិចបណ្តាលឲ្យ អ្នកបើកបររថយន្ដបង្ករបួសស្រាលនិងប្រពន្ធរួមដំណើរស្លាប់។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានរាយការណ៍ អោយដឹងថា ស្ត្រីរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុកស្ទោង មានឈ្មោះថន ស្រីរ័ត្នអាយុ២៨ឆ្នាំនៅភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងប្តីជនរងគ្រោះជាអ្នបើកបរ រងរបួសស្រាលបានរត់គេចខ្លួន មានឈ្មោះឆុន ធឿន បើកបររថយន្តម៉ាកហុិនដាយ ពណ៌ខៀវ ផ្លាកលេខភ្នំពេញ3D 1561 ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖អ្នកបើកបររថយន្តម៉ាកហ៊ិនដាយខាងលើនេះបានបើកបរ ខ្វះការប្រុងប្រយ័ត្នដោយទំនងបើកបររទាំងងងុយដេក ហើយមានល្បឿនលឿនទៅបុកពីក្រោយចំគូថ រថយន្តកែច្នៃ ពណ៌ក្រហមចាស់ ផ្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយម្ចាស់បើកបរគេចខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចបានយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីចាត់ការតាមនិតិវិធី។