ជិះម៉ូតូលឿនពេលយប់បុកគោយន្តអត់ភ្លើងភ្លឺក្រោយស្លាប់យ៉ាងអណោចអធ័ម

0

បុរស់ម្នាក់បានស្លាប់យ៉ាងអណោចអធ័មដោយសារជិះម៉ូតូលឿនពេលយប់បុកឈើជ្រុងនៅលើគោយន្តកន្ត្រៃដឹកប្រហុក ក្នុងទិសដៅស្របគ្នា។

សមត្ថកិច្ចបានប្រាប់ថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩ៈ១០នាទី លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ បុក គោយន្ដកន្ត្រៃយ៍ដឹកត្រីប្រហុក គឺក្នុងទឹសដៅស្របគ្នាពីជើងទៅត្បូងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័មដោយត្រូវឈើបួនជ្រុងនៅលើគោយន្តបុកទំលុះចំដើមទ្រូង។

សមត្ថកិច្ចបានអោយដឹងថាពេលកើតហេតុម្ចាស់គោយន្ដកន្ត្រៃបានបើកគេចចេញពីកន្លែងកើតហេតុ ហើយបានយកចតចោលនៅផ្លូវលំ ភូមិគគរ ឃុំកើតហេតុខាងលើរួចហើយអ្នកបើកបររត់គេចខ្លួន។

ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក SUZUKI Smash V ពណ៌ស-ខ្មៅ ផ្លាកលេខកណ្តាល1M.0752 មានឈ្មោះ សាត់ គា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសិរីសាមគ្គីខាងជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានយក វត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកគោយន្ដកន្ត្រៃយ៍ រក្សាទុកនៅប៉ុស្តិ៍នគរបាលស្រឡៅដើម្បីចាត់បន្តតាមនិតិវិធី។