ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដកហូត​២៥​កញ្ចប់ នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

0

​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ដ៏​សកម្ម​ម្នាក់ ស្ថិតនៅ​សំណង់​មិន​រៀបរយ ក្នុងភូមិ​ទី​៥ ក្រុម​៣២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​ចំនួន​២៥ កញ្ចប់ នៅវេលា​ម៉ោង ៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ​។​ ​មន្ត្រីនគរបាល ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន បាន​និយាយថា ក្រោយពី​ទទួល បាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​នូវ សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿង ញៀន​នូវ​សំណង់​មិន​រៀបរយ ក្រោយ​ក្រុម ហ៊ុន​ទូរស័ព្ទ ០១៣ និង​ក្បែរ​អធិការដ្ឋាន នគរបាល ខណ្ឌចំការមន​រួចមក​កម្លាំង​សមត្ថ កិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ល្បាត ហើយ​ឈាន ទៅដល់​ការឃាត់ខ្លួន​មុខសញ្ញា​ដ៏​សកម្ម​ខាងលើ រួចហើយ​ដកហូត​ថ្នាំញៀន​ចំនួន ២៥ កញ្ចប់ ។​ ​

មន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ហេង តារា អាយុ ១៧​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ ខាងលើ និង​មាន​មុខរបរ​មិន​ពិតប្រាកដ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង កើតហេតុ បាន​លួចខ្សឹប​ថា ទីតាំង​ខាងលើ នេះ ជា​កន្លែង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ ញៀន​យ៉ាងសកម្ម ហើយ​ការ​ដាក់លក់​ថ្នាំញៀន​ដូច​ដាក់លក់​ត្រី​តាម​ផ្សារ ។ ប្រជាពលរដ្ឋ​ទាំងនេះ បាន​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​នៅ​ទីនោះ​ថា “​សូម​ពូ​ជួយ​ផ្សាយ ផង​ព្រោះ​ដាក់តាំង​លក់​ថ្នាំញៀន ដូច​ដាក់ តាំង​លក់​ត្រី​នៅតាម​ផ្សារ​”​។

ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ខាងលើ​ត្រូវបាន​នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល ផ្សារ​ដើមថ្កូវ ដើម្បី​សាកសួរ និង ចាត់វិធានការ​តាមផ្លូវ​ច្បាប់​បន្តទៀត ៕ ​