សាខាកាំកុងត្រូល ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារខូចគុណភាពស្រុកអូររាំង

0

មណ្ឌលគិរី៖ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារខូចគុណភាព ដែលអាជីវករដាក់តាំងលក់ ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំនីអាហារដែលដាក់តាំងលក់ នៅតាមផ្ទះលក់ទំនិញនានា ដើម្បីពិនិត្យមើលពីគុណភាព សុវត្ថិភាពចំនីអាហារ ក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណាធានាឲ្យបានដល់សុខភាពអ្នកប្រើប្រាស់។មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់(Borax) និង(Sodium Hydrosulfite) លើមុខទំនិញបន្លែ និងផ្លែឈើជាច្រើនមុខ ជាលទ្ធផល ពុំឃើញមានសារធាតុគិមីហាមឃាត់ទាំងនោះទេ។ ក្រៅពីនោះ មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញហួសកាលបរិច្ឆេកប្រើប្រាស់ និងខូចគុណភាពនៅតាមផ្ទះលក់ដូរនីមួយៗជាលទ្ធផល ក៏ពុំឃើញមានទំនិញខូចគុណភាពនោះដែរ។

បន្ថែមលើសនេះ ប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ មុននឹងយកទំនិញមកលក់ ត្រូវធ្វើការពិនិត្យពីគុណភាពឱ្យបានច្បាស់លាស់ជាមុនសិន ហើយត្រូវជៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ។ ម្យ៉ាងទៀត មន្រ្តីជំនាញក៏បានផ្សព្វផ្សាយបន្ថែមដល់អាជីវករឲ្យយល់ដឹងអំពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធា្នប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ឲ្យដាច់ដោយឡែកពីគ្នា នឹងក៏បានបិទរូបភាពដែល រៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី (សូមពិចារណាមុននឹង ជ្រើសរើស ផលិតផល ម្ហូបអារហារ ណាមួយមកបរិភោគ) ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ អោយបានយល់ដឹងពី រូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕