មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ និងចំនីអាហារ ដែលខូចគុណភាពនៅផ្សារសែនមនោរម្យ

0

មណ្ឌលគិរី៖ ដើម្បីរក្សាសុខភាព និង ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញ ខូចគុណភាព និងចំណីអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារសែនមនោរម្យ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩ ។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំនីអាហារដែលដាក់តាំងលក់ នៅក្នុងផ្សារសែនមនោរម្យ និង តាមផ្ទះលក់ចាបហ៊ួយនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំនីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ ។ លោកបានបន្តថា ការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់(Borax) ទៅលើចំណីអាហារ ដូចជា សរសៃគុយទាវ សាច់ក្រក ត្រីងៀត ប្រហិតសាច់គោ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ (Borax) នោះទេ ។ បន្ទាប់ពីនោះ មន្ត្រីជំនាញធ្វើតេស្តរកសារធាតុជាតិ Sodrum Hydro Solfite លើមុខទំនិញ ទឹកខ្ញីហាន់ ទឹកសណ្តែកបណ្តុះ ស្ពៃចង្កឹះ ស្ពៃក្តោប ស្ពៃបូកគោ និង សាឡាត់ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ Sodrum Hydro Solfite នោះទេ និង បានធ្វើតេស្តរកសារធាតុអ៊ីយ៉ូត ក្នុងអំបិលម៉ាក សញ្ញាអង្គរវត្ត បញ្ញារស្មី មានអ៊ីយ៉ូតត្រឹមត្រូវ ដោយឡែកអំបិល ម៉ាកត្រីឡូម៉ា គ្មានសារធាតុអ៊ីយ៉ូតនោះទេ។ បន្ទាប់មក មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ចាបហ៊ួយនានា ដើម្បីស្វែងរកទំនិញហួសកាលបរិច្ឆេកប្រើប្រាស់ និងខួចគុណភាព ជាលទ្ធផល រកឃើញទំនិញមួយចំនួនហួសកាលបរិច្ឆេតប្រើប្រាស់ ក៏បានដកហូតយកទៅ កំទេចចោល ។

ទន្ទឹមនឹងនោះដែរ លោកប្រធានសាខាកាំកុងត្រួលខេត្ត ក៏បានធ្វើការចុះអប់រំណែនាំដល់អាជីវករទាំងអស់ឲ្យជៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ និងបានផ្សព្វផ្សាយបន្ថែមដល់អាជីវករឲ្យយល់ដឹងអំពីអនាម័យ និងការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធា្នប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ឲ្យដាច់ដោយឡែកពីគ្នា។ លើសពីនេះមន្ត្រីជំនាញក៏បានបិទរូបភាពដែល រៀបចំដោយអគ្គនាយកដ្ឋានកាំង កុងត្រូល ស្តីពី (សូមពិចារណាមុននឹង ជ្រើសរើស ផលិតផល ម្ហូបអារហារ ណាមួយមកបរិភោគ) ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់ អោយបានយល់ ដឹងពី រូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕