ឃាត់ខ្លួនជនជាតិឡាវបានម្នាក់ ខណៈកំពុងចរាចរណ៍ថ្នាំញៀន ឆ្លងដែនចូលមក កម្ពុជា ក្នុងទឹកដីខេត្តស្ទឹងត្រែង

0

ស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែចេញប្រតិបត្តិការបង្រ្កាបជំនួញគ្រឿងញៀនឆ្លងដែន បានមួយករណីទៀតហើយ ខណៈជនសង្ស័យបានចរាចរណ៍ញៀន ពីទឹកដីប្រទេសឡាវ ចូលមកកម្ពុជា ។
ប្រតិបត្តិការនេះ កម្លាំងជំនាញអាវុធហត្ថ បានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ក្នុងថ្ងៃទី០៨ឧសភានេះត្រង់ចំនុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង តាមបណ្តោយផ្លូវពីព្រំដែនកម្ពុជា.ឡាវចូលទៅមាត់ទន្លេ ។
មន្រ្តីអាវុធដែលស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យដឹងថា៖ ប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនខាងលើនេះកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនិងគ្រឿងញៀន១កញ្ចប់ធំ ។
មន្រ្តីអាវុធហត្ថដដែលនោះ បានបន្តថា៖ជនសង្ស័យដែលជំនាញឃាត់ខ្លួនបាននោះមានឈ្មោះ ធឿន ហាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ សព្វថ្ងៃរស់នៅភូមិចាំម៉ឺយ ស្រុកភុងសាលី ប្រទេសឡាវ។
រីឯគ្រឿងញៀន ដែលកម្លាំងជំនាញដកហូ តបានពេលបង្រ្កាបនោះ ជាប្រភេទមេតំហ្វេតាម៉ីន ម្សៅថ្លាពណ៌ស(ម៉ាទឹកកក) មានទម្ងន់៩៩៩,៦ ស្មើនិងជិត១គីឡូក្រាម ។
បច្ចុប្បន្ន ជនជាតិឡាវខាងលើកំពុងស្ថិតនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដោយកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕