ស្រ្តីម្នាក់បានស្លាប់បន្ទាប់ពីដាក់ដេរ៉ូមនៅផ្ទះគ្រូពេទ្យនៅតំបន់ជនបទ

0

សៀមរាប៖ ស្ត្រីវ័យចំណាស់ម្នាក់មានជំងឺបេះដូងធ្ងន់ធ្ងរបានស្លាប់នៅនឹងកន្លែង ខណៈព្យួរសេរ៉ូរួច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩ នៅផ្ទះគ្រូពេទ្យជនបទម្នាក់ ស្ថិតនៅក្នុងភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុទ្ធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១នេះថា ករណីអ្នកជំងឺឈ្មោះ លាង វន ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិតាគឹមលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង បានទៅឲ្យអ្នកគ្រូពេទ្យ ឈ្មោះ មិន វឌ្ឍណា ភេទស្រី អាយុ៣១ឆ្នាំ ជាពេទ្យមធ្យម បំរើការងារនៅមណ្ឌលសុខភាពជីក្រែង ព្យាបាល នៅផ្ទះពេទ្យ ភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ដោយអ្នកជំងីមានសភាពធ្ងន់ធ្ងរ អ្នកគ្រូពេទ្យរូបនោះក៏បានដាក់ សេរ៉ូមផ្អែមប្រៃឲ្យអ្នកជំងឺ បានបន្តិច អ្នកជំងឺ ក៏ដាច់ខ្យល់ស្លាប់ទៅ។លោកបន្តថា ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានសហការណ៍ជាមួយ ខាងនគរបាលបច្ចេកទេស ខាងនគរបាលសេដ្ឋកិច្ច និងលោកវេជ្ជបណ្ឌិត អ៊ិន ឆបឆរត្ន័ គ្រូពេទ្យកោសល្យវិច័យ ធ្វើការពិនិត្យ លទ្ធផលដូចខាងក្រោម។ទី១ ករណីនេះ មិនមែនជារឿងឃាតកម្មទេ។ទី២.តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសលវិច័យ ជនរងគ្រោះស្លាប់ ដោយសារជំងឺស្ទះសសៃឈាម ចិញ្ចឹមបេះដូង ។ករណីនេះត្រូវបានសមត្ថកិច្ច អះអាងថា គ្រូពេទ្យភូមិ បានប្រឹងប្រែងជួយសង្គ្រោះ ជនរងគ្រោះដែរ តែដោយជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ទៅហើយនោះ ទើបនឹងបញ្ជូន មកគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។សមត្ថកិច្ចបន្តថា ជនរងគ្រោះមកដល់ភ្លាម គ្រូពេទ្យក៏ត្រួតពិនិត្យ រួចក៏បានដាក់សេរ៉ូមប្រៃ ជួយសង្គោះបឋមសិន រួចក៏ទូរស័ព្ទហៅ រថយន្តសង្គ្រោះ ដើម្បីនាំទៅពេទ្យបង្អែកខេត្ត។ប៉ុន្តែដាក់សេរ៉ូមបានតែមួយសន្ទុះ ជនរងគ្រោះក៏ស្លាប់តែម្តង។បន្ទាប់ពីសមត្ថកិច្ច ត្រួតពិនិត្យរួចហើយនោះ សពត្រូវបានប្រគល់ទៅឲ្យ ក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕