ឈ្មួញនៅតែបន្តលួចឈ្លាតឱកាសនាំចូលជ្រូកពីវៀតណាមខុសច្បាប់, ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនៅឃុំដូង ស្រុករមាសហែក ចាប់ឃាត់ប្រគល់ឲ្យទៅមន្ត្រីជំនាញពេទ្យសត្វ

0

(ខេត្តស្វាយរៀង)៖ នៅចំណុចផ្លូវកាត់ព្រៃខាងជើងច្រកទ្វារតំបន់ដូងប្រមាណ ៣គីឡូម៉ែត្រ ស្ថិតភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង សហការជាមួយមន្ត្រីគយ បានឃាត់ជនសង្ស័យ២នាក់ បើកម៉ូតូ២គ្រឿង ដឹកជ្រូកចំនួន៤ក្បាល នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់។

ករណីចាប់ឃាត់ម៉ូតូដឹកជ្រូក បានធ្វើងឡើងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សោម វាសនា និងទី២៖ ឈ្មោះ សោម ឆេរ៉ាន់ មានទីលំននៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងជ្រូក និងម៉ូតូត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វាតំបន់ដូង ដើម្បីប្រគល់ឲ្យជំនាញបសុសត្វ ដើម្បីធ្វើការការពិនិត្យ និងចាត់ការតាមនីតិវិធី។

កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ មន្ត្រីពេទ្យសត្វខេត្តស្វាយរៀង ក៏បានចុះល្បាតនាពេលយប់ ហើយប្រទះឃើញម៉ូតូរឺម៉ក់ដឹកសត្វជ្រូក៩ក្បាល ដែលលួចនាំចូលពី ប្រទេសវៀតណាម ឆ្លងតាមច្រករបៀង ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាបផងដែរ។

សូមបញ្ជាក់ថា ទាក់ទិននឹងករណីលួចនាំជ្រូកចូលនេះ លោកអភិបាលខេត្តស្វាយរៀង ធ្លាប់បានព្រមានមន្ត្រីដែលប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ ឱ្យទប់ស្កាត់ឲ្យខាងតែបាន ហើយបើក្នុងការបង្ក្រាប ការនាំចូលសត្វជ្រូករស់ក៏ដូចជាសាច់ជ្រូក ឃើញថា ច្រកណាមួយហ៊ានអនុញ្ញាតឱ្យសត្វជ្រូកចូល ត្រូវតែសម្រេចចិត្តដកចោល ( វះកាត់) ព្រោះនេះគឺជាអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

ក្រសួងកសិកម្ម កាលពីពេលកន្លងទៅបានចេញបំរាម ហាមនាំចូលជ្រូកពីវៀតណាម ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំរុញឲ្យមានការចិញ្ចឹមនៅក្នុងស្រុកយើងវិញ៕