ជំងឺបេស្តជ្រូកអាហ្វ្រិច មិនអាចឆ្លងមកមនុស្សតាមរយៈការបរិភោគប្រចាំថ្ងៃនោះឡេីយ!

0

ព្រះវិហារ: លោក ពឹង ទ្រីដា ថ្លែងថា ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ កុំមានការភ័យខ្លាចពីការឆ្លងរីករាលដាល នៃប្រភេទជំងឺបេស្តជ្រូកអាហ្វ្រិច តាមរយៈការបរិភោគសាច់ជ្រូកប្រចាំថ្ងៃ ព្រោះថារហូតមកទល់នឹងពេលនេះ តាមការបញ្ជាក់ពីអ្នកជំនាញវិទ្យាសាស្ត្រ នៅមិនទាន់រកឃើញសញ្ញាណាមួយ ដេីម្បីបញ្ជាក់ថា ជំងឺបេស្តជ្រូកនេះ ឆ្លងទៅមនុស្សតាមរយៈការបរិភោគនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំបរិភោកសាច់សត្វ ដែលងាប់ដោយសារជំងឺនោះឱ្យសោះ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ពឹង ទ្រីដា ថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោក ដឹកនាំក្រុមការងារ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ ចុះធ្វេីការផ្សព្វផ្សាយ ស្តីពីជំងឺបេស្តជ្រូកអាហ្វ្រិច ជូនដល់ប្រជាកសិករ ដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូក របស់ប្រជាកសិករ រស់នៅក្នុងភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។

លោក ពឹង ទ្រីដា បានថ្លែងបន្តថា ដើម្បីការពារនូវជំងឺបេស្តជ្រូកអាហ្វ្រិច ក៏ដូចជាជំងឺផ្សេងៗទៀត មិនឲ្យកើតមានឡើងលើសត្វជ្រូក មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត តែងតែដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូក របស់ប្រជាកសិករ នឹងធ្វេីការផ្សព្វផ្សាយពីជំងឺបេស្តជ្រូកអាហ្វិក និងវិធានការការពារ ការចម្លង ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ សម្រាប់ពួកគាត់ប្រើប្រាស់ពេលក្រោយៗទៀត។

លោក ប្រធាន បានបន្តទៀតថា ការងារបន្តបន្ទាប់ដែលមន្ត្រីជំនាញការិយាលយ័បសុព្យាលត្រូវធ្វើនោះ គឺចុះធ្វើជីវសុវត្ថិភាពតាមទីសត្តឃាតដ្ឋាន ចុះពង្រឹងតាមទីសត្តឃាតដ្ឋាន ពិនិត្យជ្រូកដែលនាំចូល ពិនិត្យឱ្យច្បាស់លាស់ ថាមានប្រភពមិនមានជំងឺ១០០% ក៏ដូចជាធ្វើអនាម័យតាមទីសត្តឃាតដ្ឋាន ដើម្បីការពារជំងឺបេស្តជ្រូកទៀតផង។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់បន្ថែមទៀតថា បើគិតរហូតមកទល់នឹងពេលនេះ ខេត្តព្រះវិហារ នៅមិនទាន់ឃើញមានរោគសញ្ញាណាមួយកើតឡើង ក្នុងសត្វឃាតដ្ឋាន ឬកសិដ្ឋានចិញ្ចឹមជ្រូកណាមួយឡើយ ក្រៅពីចរាចរណ៍លក់សាច់សត្វជ្រូកចិញ្ចឹមក្នុងស្រុក និងជ្រូករបស់ក្រុមហ៊ុននោះទេ។ ក្នុងវិធានការ បង្ការការពារ ដើម្បីកុំឲ្យឆ្លង នៃជំងឺនេះមកលើសត្វជ្រូក ត្រូវឧស្សាហ៍ធ្វើអនាម័យសម្អាត ក្នុងទ្រុងចិញ្ចឹមទាំងជីវសុវត្ថិភាព ការចេញចូលត្រូវហ្មត់ចត់ មានការផ្លាស់ប្តូរសម្លៀកបំពាក់ ត្រូវដាក់ថ្នាំសម្លាប់មេរោគជាប្រចាំ៕សួនលីណា