អាជ្ញាធរ ខេត្តកំពង់ចាម អបអរសាទរ មន្ទីរពេទ្យជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ទូទាំងប្រទេស

0

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសម្ដែងនូវការអបអរសាទរ និងចាត់ទុកថា ជាកិត្តិយសទី២ សម្រាប់ខេត្តកំពង់ចាម ដែលអង្គភាពផ្ដល់សេវាសាធារណៈ មន្ទីរពេទ្យទាំង៤ បានទទួលនូវជ័យលាភី បន្ទាប់ពីជ័យលាភី រំដួល៣ទង របស់ក្រុងកំពង់ចាម ដែល បានមកពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ហើយទាមទារឲ្យវិស័យផ្សេងៗទៀត បង្កើនការយកចិត្តទុកដាក់ បន្តទៅមុខទៀត ព្រោះការប្រលងប្រណាំងនេះ គឺដើម្បី បង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវា ។ ដូច្នេះ នាពេលអនាគត នឹងមានវិស័យផ្សេងៗទៀត ក្រៅពីវិស័យសុខាភិបាល និងវិស័យអប់រំ ដែលនឹងអាចដាក់ឲ្យមានការប្រលងប្រណាំង យ៉ាងដូច្នេះ ផងដែរ។
ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ដែល ឯកឧត្ដម អភិបាលខេត្ត បាន អញ្ជើញ ចូលរួម ក្នុង ពិធីអបអរសាទរ មន្ទីរពេទ្យជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ ២០១៩ រៀបចំ ឡើង ដោយ មន្ទីរ សុខាភិបាល ខេត្ត កំពង់ចាម ។
ជាមួយ គ្នា នោះ ឯកឧត្ដមអភិបាលខេត្ត ក៏ បាន លើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះ វិស័យសុខាភិបាល ជាវិស័យដ៏មានសារៈសំខាន់ ព្រោះថា វាជាប្រតិបត្តិករផ្ទាល់ ជាមួយប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ។ អញ្ចឹងទេ ក្នុងនាមជាប្រតិបត្តិករផ្ទាល់ ត្រូវធ្វើយ៉ាងណា ឲ្យការផ្ដល់សេវា បានកាន់តែប្រសើរ និងទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ។ តាមរយៈនេះ ស្នើទៅដល់ក្រុមគ្រូពេទ្យទាំងអស់ មានការតាំងចិត្តខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈមុះមុត ដើម្បី អង្គភាពរបស់យើង ក្លាយទៅជាអង្គភាព ទទួលបានការគាំទ្រ និងការផ្ដល់ការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ។ ក្រៅពីនោះ មន្ទីរពេទ្យ ដែលមិនទាន់ទទួលបានជ័យលាភី សូមកុំមានការអស់សង្ឃឹម ហើយធ្វើការកែលម្អនូវចំណុចខ្វះខាត ឲ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវរៀនសូត្របទពិសោធន៍ពីមន្ទីរពេទ្យ ដែលទទួលបានជ័យលាភី និងយកទៅអនុវត្តជាក់ស្ដែង ឲ្យអស់ពីលទ្ធភាព ។ ដោយឡែក កត្តាគន្លឹះដែលនាំឲ្យទទួលបានពិន្ទុល្អ នោះគឺ ការដាក់ពិន្ទុ ពីប្រជាពលរដ្ឋ នៅក្នុងសហគមន៍ផ្ទាល់ ដែលអង្គភាពផ្ដល់សេវានីមួយៗ ត្រូវតែយកចិត្តទុកដាក់បំផុត។
គួរ បញ្ជាក់ ផង ដែរថា បន្ទាប់ពីការវាយតម្លៃ ពីគណៈកម្មការវាយតម្លៃ អង្គភាពផ្ដល់សេវាសាធារណៈ ថ្នាក់ជាតិ មន្ទីរពេទ្យចំនួន៤ របស់ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ ទូទាំងប្រទេស គឺ ៖១.មន្ទីរពេទ្យខេត្តកំពង់ចាម ជាមន្ទីរពេទ្យដំណើរការសំណុំសកម្មភាពបង្កប់កម្រិត ៣ ទទួលបានចំណាត់ថ្នាក់ លេខ ១ ។ ២.មន្ទីរពេទ្យបង្អែកបាធាយ ជាមន្ទីរពេទ្យដំណើរការសំណ៌សកម្មភាពបង្កប់កម្រិត ២ ទទួលបានចំណាត់ថ្នាក់ លេខ ២ ។ ៣.មន្ទីរពេទ្យបង្អែកព្រៃឈរ ជាមន្ទីរពេទ្យដំណើរការសំណ៌សកម្មភាពបង្កប់កម្រិត ១ ទទួលបានចំណាត់ថ្នាក់ លេខ ៣ ។ និង៤.មន្ទីរពេទ្យបង្អែកចំការលើ ជាមន្ទីរពេទ្យដំណើរការសំណុំសកម្មភាពបង្គ្រប់កម្រិត ២ ទទួលបានចំណាត់ថ្នាក់ លេខ ៨ ៕