​​ពស់ថ្លាន់​មេ​មួយ​ក្បាល​ត្រូវបាន​ប្រគល់ជូន​អង្គការ​អភិរក្ស​សត្វព្រៃ​

0

​សៀមរាប​៖ពស់ថ្លាន់​មេ​មួយ​ក្បាល​ប្រវែង​៥​ម៉ែត្រ​ទម្ងន់​៥០​គ​ក្រ​ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​រំលំ​ត្បាល​ភូមិ​អូរ​ក្រូច​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់បាន​នៅក្នុង​ចំការ​ស្រែ​របស់​ពួកគាត់ ហើយ​ត្រូវបាន​ដង្ហែរ​នាំយក មក​ប្រគល់ ជូន​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​អង្គរ តាមរយៈ​លោក​ហង្ស ត​រ៉ាវុធ​នាយក​ដែន ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​តំបន់ការពារទេសភាព​អង្គរ ខេត្តសៀមរាប ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ផងដែរ​។​ ​DSC_1112

លោក​ហង្ស ត​រ៉ាវុធ​នាយក​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព បាន​ឲ្យ​ដឹងថា សត្វ​ពស់​មួយ​ក្បាល​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ទៅធ្វើ​ស្រែចំការ​ក្នុង​តំបន់​រំលំ​ត្បាល ភូមិ អូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រទះឃើញ​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ដែល​កំពុង​សក​ស្រកា​ហើយ​បាន​ចាប់​យកមក​ចិញ្ចឹម​នៅក្នុង​ភូមិ​រយៈ​១០​ថ្ងៃ​មកហើយ​តែ​ដោយមាន​ការភ័យខ្លាច នៅពេល​ម្ចាស់​ពស់​នេះ មានការ សុ​បិ​ន្ត​ឃើញ ថា​សត្វ​ពស់ថ្លាន់​នេះ​ចង​មក​រស់នៅ​តំបន់​អង្គរវត្ត​ទើប​ពួកគាត់​បានរួម​សហកា​រ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង សមត្ថកិច្ច​មូលដ្ឋាន​បានធ្វើ​ពិធី​ដង្ហែ​យកមក​ប្រលែង​នៅ​តំបន់​អង្គរវត្ត ។ ​

លោក​ហង្ស ត​រ៉ាវុធ​បាន​បន្តទៀតថា ដោយ​មើលឃើញ​សភាព​សត្វ​ពស់ថ្លាន់​មេនេះ មាន​ជម្ងឺ​ផង​នោះ ក៏បាន សម្រេច​ធ្វើការ​ប្រគល់​ជូនទៅ​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​អង្គរ យកទៅ​ធ្វើ​ការថែទាំ ព្យាបាល​ជម្ងឺ មុនពេល​ដែរ យើង​ប្រលែង​ចូលទៅក្នុង​ព្រៃ​ឲ្យ​សត្វ​ពស់​នេះ​រស់​ទៅតាម​លក្ខណៈ​ធម្មជាតិ នៅក្នុង​តំបន់​អភិរក្ស​សត្វព្រៃ ។​

ឈ្មោះ​ចាន់ មុំ​ដែលជា​អ្នក​បាន​ទិញ​សត្វ​ពស់ថ្លាន់​នេះ​បន្ត​ពី​ម្ចាស់​ដើម​អ្នក ចាប់បាន​នៅ​ចំការ ក្នុង​គោលបំណង​យកមក​ចិញ្ចឹម តែ​ដោយមាន​ប្រជាជន​មួយចំនួន ប៉ុង​ប៉ង​ចង់​សម្លាប់​ពស់​នេះ​ធ្វើ ជា​ម្ហូប​ផង​នោះ​ក៏​នៅពេល​រាត្រី​សត្វ​ពស់​នេះ​បាន​ពន្យល់​សុ​បិ​ន្ត​ដល់​រូបគាត់​យ៉ង​ចម្លែក​ក៏បាន​ធ្វើការ​បញ្ចូល​អារក្ស​ឃើញថា​សត្វ​ពស់​នេះ​ចង់​មក​រស់នៅ​អង្គរវត្ត​ដោយ​គេ​បាន​ឃ្លាតឆ្ងាយ​ពី​អង្គរ​រយៈពេល​៦០​ឆ្នាំ​ហើយដោយ​សត្វ​ពស់​នេះ​មានឈ្មោះ​សុខា​ទេវី​តែបើ​សិន​ទុក​រូបគេ​នៅ​ទីនោះ និង​ធ្វើ​ឲ្យ​មាន​ភាព​ក្តៅក្រហាយ​ដល់​អ្នកភូមិ​ទាំងនោះ​តែបើ យក​គេ​ឲ្យ​មក​នៅ​តំបន់​អង្គរ និង នាំនូវ​សេចក្តីសុខសាន្ត​ដល់​ប្រជាជន​ក្នុងភូមិ​នេះ​ទាំងមូល​បាន​សេចក្តីសុខសាន្ត​។

ដោយ​ឃើញ​សភាព​នេះហើយ បងប្អូន​ប្រជាជន​ក្នុងភូមិ​ទាំងមូល បានធ្វើការ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម​សុំ​សេចក្តីសុខសាន្ត​មុនពេល​ធ្វើការ​ដង្ហែ​យកមក​ប្រគល់​ដល់​អង្គការ​អភិរក្ស​សត្វព្រៃ​នៅ​ខេត្តសៀមរាប ។​ ​បច្ចុប្បន្ននេះ​សត្វ​ពស់ថ្លាន់​មេ​មួយ​ក្បាល​នេះ​ត្រូវបាន​ធ្វើការ​ប្រគល់ជូន​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ​អង្គរ​យកទៅ​ធ្វើ​ការថែទាំ​ព្យាបាល​ជម្ងឺ​ឲ្យ​បានជា​ផ្សះ​ស្បើយ​មុន​ប្រលែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​តំបន់​អភិរក្ស​សត្វព្រៃ​នៃ​តំបន់​អង្គរ ក្នុងការ​ទាកទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ទៀតផង ៕