ស្រ្តីផ្ទុកមេរោគអេដស៍ និងពិការភ្នែក ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

សៀមរាប៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩អ្នកស្រី សុខ សំណាង អាយុ ៤៥ឆ្នាំជាអ្នកផ្ទុកមេរោគអេដស៍ និងពិការភ្នែកទាំងសងខាង រស់នៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានទទួលអំណោយសប្បុរសធម៌ ពីក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

លោក សោ ស៊ីន្ធោរ មន្ត្រីនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំប្រសាសន៍ សួរសុខទុក្ខ និងក្ដីអាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ខណៈអ្នកស្រី សុខ សំណាង ជាស្ត្រីមេមាយ និងជាអ្នកផ្ទុកមេរោគអេដស៍ ដែលបានឆ្លងពីស្វាមី។ ជាមួយនោះ លោក សោ ស៊ីន្ធោរ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ ពី ឯកត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ និងលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយលោកទាំងពីរ តែងតែខិតខំស្វែងរកសប្បុរសជននានា ដើម្បីឧបត្ថម្ភគាំទ្រដល់សកម្មភាព មនុស្សធម៌ក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការអ្វីទាំងអស់។

មានវត្តមានក្នុងឱកាសនោះ ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើ របស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកក្រឡាញ់ សូមថែរក្សាសុខភាព កុំអស់សង្ឃឹមក្នុងជីវិត។ នាពេលកន្លងមក ឯកឧត្តមតែងតែ ស្វះស្វែងអស់ពីកម្លាំងកាយចិត្តជួយដល់ជនក្រីក្រ រងគ្រោះ និងងាយរងគ្រោះ តាមរយៈថវិកាផ្ទាល់ខ្លួន និងសប្បុរជននានាផងដែរ ។

អំណោយមនុស្សធម៌ ដែលបាននាំយកមកដល់លំនៅដ្ឋាន អ្នកស្រី សុខ សំណាង ក្នុងឱកាសនោះរួមមាន អង្ករ ៣០គ.ក មុង១ ភូយ១ សារុង១ ក្រមា១ អាវយឺត២ មី ១កេស ត្រីខកំប៉ុង ១យូរ ថវិកា ៥ម៉ឺនរៀល គ្រឿងទេសមួយចំនួន និងសម្ភារផ្ទះបាយមួយចំនួនទៀតផងដែរ។

សូមជម្រាបថា អ្នកស្រី សុខ សំណាង ជាស្ត្រីមេមាយផ្ទុកមេរោគអេសដ៍ ពុំមានផ្ទះ និងដីជាកម្មសិទ្ធផ្ទាល់រស់នៅឡើយ។សព្វថ្ងៃ អ្នកស្រី មានម្ដាយវ័យជាង៧០ឆ្នាំ នៅមើលថែ រស់នៅលើខ្ទមចាំដីមួយកន្លែង និងពុំមានមុខរបរចិញ្ចឹមជីវិតឡើយ។ អ្នកស្រី បានអំពាវនាវ ដល់អាជ្ញាធរខេត្ត រួមនិងសប្បុរសជន ដើម្បីទទួលបានដីសម្រាប់រស់ជាកម្មសិទ្ធផ្ទាល់ខ្លួន។

ដោយ៖ អ៊ុន ណារាជ្យ