ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជម្ងឺជូនពលរដ្ឋដោយឥតគិតថ្លៃជាង ២ពាន់នាក់ នៅស្រុកកំពង់សៀម

0

កំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួមដំណើរជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម អមដំណើរ ដោយមន្ត្រីពាក់ព័ន្ធនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ចំនួ៥៤៣នាក់ចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃប្រមាណជាង២០០០នាក់ នៅវិទ្យាល័យ សម្ដេច ជួនណាត ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលសុទ្ធសឹងតែជាអ្នកមានជំនាញបទពិសោធន៍ច្បាស់លាស់ទទួលការសិក្សានៅបរទេស ហើយលះបង់ពេលវេលាចុះជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះដោយមិនគិតពីការនឿយហត់ដែលកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ ពិនិត្យ ព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយនោះទេ គឺ ដើម្បីចូល រួមចំណែក ទ្រទ្រង់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដោយគាត់មិនត្រូវចំណាយពេលវេលានិងថវិកាទៅពិនិត្យ និងព្យាបាលនៅទីឆ្ងាយៗនោះឡើយ ។

ឯកឧត្ដម អភិបាលខេត្ត បានបន្តថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើនឥតឈប់ឈរ ដោយ មានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិមានស្ថិរភាព និងសន្តិភាពពិតប្រាកដ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែនឲ្យបានគង់វង្សព្រោះថា តាមរយៈគោលនយោបាយនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខភាពព្រោះសម័យសន្តិភាពចំណីអាហារមានច្រើនប្រភេទណាស់ដូច្នេះសូមឲ្យការទទួលទានអាហារត្រូវជ្រើសរើសដោយប្រុងប្រយ័ត្នផងព្រោះបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាព មានការអភិវឌ្ឍន៍នោះយើងនឹងចេញផុតពីភាពក្រីក្រ ។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន ឲ្យដឹងថា ការចុះពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋនាពេលនេះរួមមាន ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រវាស់ចង្វាក់បេះដូង ម៉ាស៊ីនថ្មីរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស ៕