ព្រះរាជអាជ្ញាទីសុវណ្ណថាល់ដឹកនាំកម្លាំងចម្រុះចុបង្រ្កាបទីតាំងល្បែងជល់មាន់-អាប៉ោង មួយកន្លែងនៅស្រុកជាំក្សាន្ត ដកហូតរថយន្ត ១២គ្រឿង ម៉ូតូ ១៣គ្រឿង និងមាន់ជល់ ៣០ក្បាល!

0

ព្រះវិហារ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ និងអាប៉ោងដុះស្លែមួយកន្លែង ក្នុងភូមិសែនតេកជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរងការបង្រ្កាប ដោយកម្លាំងសមត្ថកិច្ចចម្រុះ ដកហូតបានវត្ថុតាងមួយចំនួន ខណៈក្រុមអ្នកលេងល្បែងបានរត់ចែកជើងគ្នា ។

លោកវរសនីយ៍ឯក ខាត់ ហ៊ុន ប្រធានការិយាល័យព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅក្នុងប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់-អាប៉ោងនេះ ដឹកនាំដោយលោក ទី សុវណ្ណថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលបន្ទុកផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ ។

ប្រធានការិយាល័យព្រហ្មទណ្ឌ លោកខាត់ ហ៊ុន បានបញ្ជាក់បន្តទៀតថា ជាលទ្ធផល កម្លាំងបានដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖ ម៉ូតូ ១៣គ្រឿង, រថយន្ត ១២គ្រឿង, មាន់ជល់ ៣០ក្បាល, ជញ្ជីងថ្លឹងមាន់២ និងសម្ភារមួយចំនួនទៀត ។

លោកថាបច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានកម្លាំងដឹកជញ្ជូននាំមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕