កម្លាំងសង្កាត់រដ្នបាលព្រៃឈើឆ្មក់ចាប់គោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់០៣គ្រឿង

0

សៀមរាប៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសហការជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែងធ្វើការបង្ក្រាបគោយន្តកន្ត្រៃ៣គ្រឿងលួចដឹកឈើអារប្រភេទលេខ៣ ឈើទាំងនេះដឹកចេញពីព្រំប្រទល់ខេត្តព្រះវិហារនិងខេត្តសៀមរាប ដោយឆ្លងកាត់ស្រុកស្វាយលើ ហើយក៏ត្រូវកម្លាំងជំនាញឆ្មក់បង្ក្រាបជាក់ស្តែងតែម្តងប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១៥និង១៥នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងនារសៀលថ្ងៃទី១០ ខែកុម្ភៈថាកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែងឆ្មក់ធ្វើការបង្ក្រាបគោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់ ជាប្រភេទឈើអារប្រភេទលេខ៣ ចំនួន៣គ្រឿង។ ឈើចំនួន១២៩សន្លឹក ស្មើនឹង៦,១៣៥ម៉ែត្រគូប ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រូវបានបង្ក្រាបត្រង់ចំណុចភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។លោកបន្តថា ចាប់បានតែឈើនិងគោយន្តប៉ុណ្ណោះ ម្ចាស់រត់គេចខ្លួនបាត់អស់។
បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី