ឃាត់ខ្លួនមនុស្ស៧០នាក់មនុស្ស៦នាក់ ជាប់ពាក់ព័ន្ធនឹងថ្នាំញៀននៅក្លឹប ផ្លាយ!

0

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៦នាក់ ស្រី០២នាក់ ត្រូវបាននគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃ
ស្នងការក្រុងភ្នំពេញ រកឃើញថាពាក់ព័ន្ធនឹងថ្នាំញៀន ចំណោមមនុស្សប្រុសស្រីចំនួន៧០នាក់ ក្នុងប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបនៅទីតាំងក្លឹបកម្សាន្ត ផ្លាយ កាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវកែវ ចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រោយយកទៅសាកសួរនៅការិយាល័យស្នងការក្រុង រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជនជាប់ពាក់ព័ន្ធ៦នាក់ ស្រី២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅតុលាកា ដើម្បីអនុវត្តបន្តតាមនីតិវិធី ។

នគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាបទីតាំងក្លឹបផ្លាយខាងលើ ឃាត់ខ្លួនមនុស្ស៧០នាក់ ស្រី២៦នាក់ រួមជាមួយវត្ថុតាង ថ្នាំញៀន សម្ភារៈពាក់ព័ន្ធមួយចំនួន រួចនាំយកទៅសាកសួរ នៅការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការក្រុងភ្នំពេញ រកឃើញថាមានជនសង្ស័យតែ៦នាក់ទេ ស្រី២នាក់ ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ក្រៅពីនោះ មាន៤០នាក់ ត្រូវបានបញ្ជូនខ្លួនទៅមណ្ឌលកែប្រែ ហើយមានមនុស្ស២៤នាក់ទៀត សមត្ថកិច្ចធ្វើការអប់រំ កិច្ចសន្យាក្រោយធ្វើតេស មិនមានសារធាតុញៀន រួចអនុញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ ។

នគរបាលបន្តទៀតថា ជនសង្ស័យក្រោយសាកសួរ និងកសាងសំណុំរឿងរួចរាល់ ទាំង៦នាក់ នោះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបាននាំ បញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕