សកម្មភាពដឹកជញ្ជូនឈើ នៅក្នុងខេត្តព្រះវិហារ បានចាប់កម្រើកឡើងវិញ ប៉ុន្តែ បានរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចជាបន្តបន្ទាប់ !

0

ដោយ៖ឡុង សំបូរ ខេត្តព្រះវិហារ៖ រថយន្តប្រភេទយីឌុប និងស៊េរីទំនើបតូចធំ ស្ទើរគ្រប់ប្រភេទ ត្រូវគេឃើញ ក្រុមឈ្មួញមួយក្តាប់តូច បានយកមកប្រើប្រាស់ជាមធ្យោបាយ ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ ដោយចរាចរណ៍ចេញពីខេត្តមួយ ឆ្លងកាត់ខេត្តមួយទៀត ដើម្បីឆ្ពោះទៅកាន់ទីឈប់សំចត នៃគោលដៅចែកចាយ និងលក់ឈើទាំងនោះ។
សកម្មភាពធ្វើជំនួញឈើល្មើសច្បាប់នោះ ត្រូវគេកត់សម្គាល់ឃើញថា តែងបានរងនូវការបង្ក្រាប និងរឹបអូសយករថយន្ត ដែលផ្ទុកទៅដោយឈើអារគ្រប់ប្រភេទនោះ បានជាបន្តបន្ទាប់ បើទោះបីជាឈ្មួញបានប្រើគ្រប់កលល្បិច ដឹកជញ្ជូនឈើបំភ័ន្ធភ្នែកសមត្ថកិច្ចយ៉ាងណាក្តី។
ជាក់ស្តែង នៅព្រលប់ថ្ងៃទី២០កុម្ភះឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ ក្រោមកិច្ចសហការណ៍ រវាងមន្ត្រីព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុករវៀង បានប្រដេញតាមរថយន្តស៊េរីទំនើបពីរគ្រឿង ដោយសង្ស័យថា រថយន្តនោះមានផ្ទុកទៅដោយឈើល្មើសច្បាប់ បានធ្វើចរាចរណ៍ឆ្លងកាត់ ដែនដីដែលក្រុមខ្លួនគ្រប់គ្រង។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសមត្ថកិច្ចបានប្រដេញស្ទាក់ចាប់រថយន្តស៊េរីទំនើបពីរគ្រឿង ដោយ១គ្រឿងគេបានដឹងថា ដឹកឈើក្រញូង ដែលជាឈើប្រណិត និងជាប្រភេទឈើកម្រ និង១គ្រឿងទៀត ដឹកឈើអារប្រភេទលេខ១ ដោយចរាចរណ៍ចេញពីដែនដីស្រុកជាំក្សាន្ត បើកកាត់ដីក្រុងព្រះវិហារ និងឆ្ពោះមកកាន់ស្រុករវៀង។ ហើយរថយន្តដឹកឈើទាំងពីរគ្រឿងនោះ បានរងការប្រដេញស្ទាក់ចាប់ ពីកម្លាំងសមត្ថកិច្ចក្នុងតំបន់ ប៉ុន្ត សមត្ថកិច្ចស្ទាក់ចាប់បានតែមួយគ្រឿង ដឹកឈើអារប្រភេទឈើសុក្រំ ប្រមាណជិត២០សន្លឹក រីឯ រថយន្តមួយគ្រឿងទៀត ដែលគេសង្ស័យថា ដឹកឈើក្រញូងនោះ បានបើកគេចចេញពីសមត្ថកិច្ច ដោយសុវត្តិភាព។
សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា រថយន្តស៊េរីទំនើមួយគ្រឿង ដែលដឹកឈើអារប្រភេទសុក្រំជិត២០សន្លឹកនោះ ត្រូវបានអ្នកបើកបរ បើកគេចចេញពីសមត្ថកិច្ច មកទម្លាក់ឈើចោល និងលាក់រថយន្តនោះក្នុងព្រៃមួយកន្លែង នៅក្នុងស្រុកសង្គមថ្មី ហើយត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ និងអាវុធហត្ថ រកឃើញ និងធ្វើការរឹបអូសបាន នៅម៉ោងជាង៨យប់ ថ្ងៃទី២០កុម្ភះម្សិលមិញនេះ។ ចំណែក អ្នកបើកបររថយន្តដឹកឈើនោះ បានរត់គេចខ្លួនបាត់ទាំងយប់ងងឹត។
ក្រោយការបង្ក្រាប រឹបអូសរថយន្ត និងឈើនោះរួច វត្ថុតាងបទល្មើស ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។គួរបញ្ជក់ថា កាលពីថ្ងៃទី៧កុម្ភះ និងនៅថ្ងៃទី១១កុម្ភះឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចស្រុករវៀង ក៏បានធ្វើការបង្ក្រាបបានរថយន្តយីឌុប ដឹកជញ្ជូនឈើចេញពីស្រុកជាំក្សាន្ត នាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ បានចំនួន ២គ្រឿងរួចមកហើយ។ ដោយរថយន្តទាំងពីរគ្រឿងនោះ ឈ្មួញបានប្រើល្បិចដាក់បាវអង្កាម និងបាវដំឡូងពីលើ និងដាក់ឈើពីក្រោម ដើម្បីបំភ័ន្ធសមត្ថកិច្ច។ ប៉ុន្តែ បើទោះបីជាឈ្មួញបានប្រើល្បិចខ្ពស់យ៉ាងណា ក៏គេចមិនផុតពីកណ្តាប់ដៃរបស់សមត្ថកិច្ចនោះឡើយ។
រថយន្តដែលបង្ក្រាបបាន នៅយប់ថ្ងៃទី៧កុម្ភះកន្លងទៅនេះ គឺជារថយន្តប្រភេទវេអង ដាក់អង្កាមពីលើ បង្កប់ឈើពីក្រោមជាង ៤០ម៉ែត្រគូបត្រីគុណ បានរងការបង្ក្រាបពីកម្លាំងបរិស្ថានបឹងពែ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅលើដងផ្លូវជាតិ លេខ៦២ នៅមុខផ្សារលោកឧកញ៉ា ទ្រី ភាព ទន្លេម្រេច ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿងដែលរងការបង្ក្រាបនៅពេលនោះ គឺជាប្រភេទវេអង ពាក់ស្លាកលេខ ភ្នំពេញ 3A.5671 ក្បាលស ទ្រុងខៀវ រថយន្តនេះជារបស់ប្តីប្រពន្ធពីរនាក់ ដោយប្តីឈ្មោះ យ៉េង និងប្រពន្ធ ឈ្មោះ ស៊ុន លី ដឹកឈើគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។ ហើយឈើដែលដកហូតបាន មានចំនួនជាង ៤០ម៉ែត្រគូបត្រីគុណ បង្កប់ក្រោមបាវអង្កាម ហើយប្តីប្រពន្ធទាំងពីរនាក់នេះ រស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ រថយន្តដឹកឈើ ត្រូវបាននាំយកមករក្សាទុក នៅស្នាក់ការបរិស្ថានបឹងពែ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ដោយឡែក រថយន្តប្រភេទវេអងដឹកឈើ បង្កប់ក្រោមបាវដំឡូងមីក្រៀម មួយគ្រឿងទៀត ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង សហការណ៍ជាមួយ កម្លាំងកងរាជអាវុធស្រុក ចុះស្ទាក់ចាប់ នៅថ្ងៃទី១១កុម្ភះឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយការឃាត់ត្រួតពិនិត្យរួច រថរថយន្ត V-1 ប្រភេទ Hyundia ពណ៌ ស ទ្រុងពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ចាម 3A-6742 សមត្ថកិច្ចបានរកឃើញថា រថយន្ត១គ្រឿងនេះ បានដឹកដំឡូងមីពីលើ បង្កប់ឈើអាររាប់សិបម៉ែត្រគូបពីក្រោម ចេញពីស្រុកជាំក្សាន្ត ជាប់ព្រំដែនថៃ រីឯការដឹកជញ្ជូនឈើនោះ គ្មានច្បាប់អនុញ្ញាតនោះទេ។ក្រោយការបង្ក្រាប រថយន្ត និងឈើដែលមានចំនួនរាប់សិបម៉ែត្រគូបនោះ ត្រូវបាននាំយកមករក្សាទុក នៅទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕