សង្ស័យគ្រឿងចក្រក្រុមហ៊ុនអានម៉ារ៉ាឌីឈូសឆាយដីជម្រកសត្វព្រៃបឹងពែមិនប្រកតី បរិស្ថាន និងមេព្រៃឆ្លើយដាក់គ្នា

ខេត្តព្រះវិហារ៖ មានការសង្ស័យថា ការឈូសឆាយដីព្រៃជម្រកសត្វព្រៃបឹងពែ ដើម្បីពង្រីកទីតាំងរបស់ក្រុមហ៊ុន សុវណ្ណភូមិ មានភាពមិនប្រកតី ដោយសារតែ មន្រ្តីបរិស្ថានអភិរក្សជម្រកសត្វព្រៃបឹងពែ ឆ្លើយថា ការឈូសឆាយដីនៅចំនុច អតីតសហគមន៍រំចេក ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃបឹងពែ គឺនៅក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ។

ចំណែក លោក សុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើ រវៀង បានឲ្យដឹងថា តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០នេះថា ការឈូសឆាយដីដែនជម្រកសត្វព្រៃបឹងពែ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ បរិស្ថាន មិនមែនជាដែនសមត្ថកិច្ចរបស់លោកនោះឡើយ តែទោះជាយ៉ាងណា នៅថ្ងៃទី៤ស្អែកនេះ លោកនិងចុះ ត្រួតពិនិត្យទីតាំងគ្រឿងចក្រឈូសឆាយបន្តទៀត ដើម្បីបញ្ជាក់ជូន អង្គភាពសារព័ត៌មាន ខេមរា ថាជាទីតាំងក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចខាងណា?។

រីឯតំណាងក្រុមហ៊ុន សុវណ្ណភូមិ ដែលនៅក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន អានម៉ារ៉ាឌី បានបញ្ជាក់ថា ដីខាងលើជាដីរបស់ក្រុមហ៊ុន ពង្រីកបន្ថែមដើម្បីធ្វើការដាំដុះដំណាំបន្ត តែក្នុងនោះលោក ក៏បានបញ្ជាក់ថា ពុំមានឯកសារអ្វីទាំងអស់ក្នុងការបញ្ជាក់ ពីទំហំដីរបស់ក្រុមហ៊ុនត្រឹមណា ទទួលបានការអនុញ្ញាតិត្រឹមណា ក្នុងការឈូសឆាយដីជិត១០០០ហិចតាបន្ថែមក្នុងដែនជម្រកសត្វព្រៃបឹងពែ លោកបានប្រាប់ថាអត់មានទេ ឯកសារមានតែឯកសារចាស់ៗ នៅភ្នំពេញ។

សូមបញ្ជាក់ថា ទាំងសមត្ថកិច្ចបរិស្ថាន និងសមត្រកិច្ច មេព្រៃ ក្រោមពីបានសួរនាំ​គឺលទ្ធផល នៃការឈូសឆាយ ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែនេះ គឺពុំមានឯកសារតំម្កល់អ្វីទាំងអស់ ទើបធ្វើឲ្យមានការងឿង ឆ្ងល់ថា ក្រុមហ៊ុនអានម៉ារ៉ាឌី ដែលជាក្រុមហ៊ុនល្បី បែរជាធ្វើការគ្មានឯកសារអ្វីទាំងអស់ សម្រាប់បង្ហាញសមត្ថកិច្ច ទើបមានការសង្ស័យថា មានជនលួចក្លែងបន្លំយកឈ្មោះក្រុមហ៊ុន សុវណ្ណភូមិ មកប្រើដើម្បី លួចឈូសឆាយដីព្រៃខុសច្បាប់ ក្នុងនោះអង្គភាព សារព័ត៌មាន ខេមរា បានព្យាយាម ទំនាក់ទំនងលោក ឃឹង នុភាព ដែលជាតំណាងរាស្រ្តខេត្តកំពង់ធំ និងជានាយកក្រុមហ៊ុនអានម៉ារ៉ាឌី តែខលលើកហើយមិននិយាយ និងខលចូលហើយក៏មិនលើក ទើបមិនទទួលបានការឆ្លើយបំភ្លឺ។

សូមបញ្ជាក់ថា ករណីគ្រឿងចក្រឈូសឆាយដីព្រៃ ក្នុងដែនជម្រកសត្វព្រៃបឹងពែ មានគ្រឿងចក្រចំនួន៣គ្រឿង បានធ្វើសកម្មភាព ដូចចោរលួចដីរដ្ឋ ដោយមានការឈូសឆាយបណ្តើរ មានកម្មករនាំយកប្រេងមក ស្រោចលើដើមឈើ ដែលឈូសរួចហើយដុតបណ្តើរ ចំណែកគ្រឿងចក្របានវ៉ៃព្រៃលាន់រំពោងពេញព្រៃ  ស្ថិតនៅចំនុចអតីតសហគមន៍ រំចេក ស្ថិតក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។

បើយោងតាមប្រភពព័ត៌មាន ដែលសុំមិនឲ្យបញ្ជេញឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុន សុវណ្ណភូមិ បានឈូសឆាយដីគ្រប់តាមកំណត់រួមមកយូរហើយ ហើយក៏ពុំមានច្បាប់អនុញ្ញាតិឲ្យមានការឈូសឆាយដីព្រៃក្នុងជម្រកសត្វព្រៃបឹងពែនោះឡើយ ហើយអាការដែលឈូសនេះ គឺគេត្រូវរ៉ូវគ្នាគ្រប់ជំនាញអស់ហើយ  ក្នុងនោះ អង្គភាពសារព័ត៌មាន ខេមរា បានបញ្ជូនរូបភាព ការឈូសឆាយដីព្រៃទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមទាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីមានវិធានការក្នុងការពិនិត្យសកម្មភាពឈូឆាយដីក្នុងដែនជម្រកសត្វព្រៃបឹងពែ។

ដោយ ខេមរា