រដ្ឋបាលខេត្តបើកកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញ និងវិស័យឯកជន ទប់ទល់នឹងវិបត្តិនានាបណ្តាលមកពីជំងឺ COVID-19

0

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនជុំវិញបញ្ហាជំងឺ COVID-19 ដើម្បីដោះស្រាយ និងវិធានការនានាជុំវិញវិបត្តិជំងឺកូវីដ១៩ថ្មី នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ។
ក្នុងកិច្ចប្រជុំនេះ គឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជីវភាពរបស់និយោជិក ។
ក្រោយពីពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់វិធានការ អនុវត្តន៍
១.ចូលរួមតាមដានព័ត៌មានពិត និងចាត់វិធានការ លើអ្នកបំពុលព័ត៌មានបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈ។ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មាន ដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការ ដោយសហការជាមួយកងរាជអាវុធហត្ថខេត្ត។
២.រួមគ្នាបើកយុទ្ធនាការ ដោយសហការជាមួយ យុវជន មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសំអាតកំចាត់មេរោគមេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ មួយចំនួនទៀត។
៣.មន្ទីរសុខាភិបាល ស្នងការ អាវុធហត្ថ ត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុន។
៤.បន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រក្រតី ដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់វិបត្តិកូវីដ១៩ថ្មី
៥.បន្តសំអាតស្ទឹងសៀមរាប តាមរយៈការវិនិយោគស្ទឹងសៀមរាប ដោយត្រូវរួសរាន់ក្នុងការជម្រុញការបើកការដ្ឋាន
៦.ក្រុង ស្រុកទាំង១២ ត្រូវបន្តរៀបចំសក្តានុពល ទេសចរណ៍ ជាអេកូទេសចរណ៍ និងវប្បធម៌ ដោយពន្លឿនការសិក្សា យ៉ាងយូរមិនអោយលើសមួយឆ្នាំ
៧.ការត្រួតពិនិត្យម្ហូបអាហារ ចំណីអាហារ ដោយពាណិជ្ជកម្ម កាំកុងត្រូល ត្រូវពិនិត្យដោយយកចិត្តទុកដាក់។ បំផុសចលនារៀបចំអោយមានម្ហូបអាហារជអត្តសញ្ញាណក្រុង ស្រុកនីមួយ ក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរណ៍។
សូមជម្រាបថា៖ ចំពោះមនុស្ស៤នាក់ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ពិនិត្យឃើញថា វិជ្ជមាន១នាក់ ជាជនជាតិខ្មែរ និង៣នាក់ផ្សេងទៀតមិនឆ្លងនោះទេ។
ចំណែកអ្នករស់នៅផ្ទាល់ជាមួយបុរសជនជាតិខ្មែរម្នាក់មានផ្ទុកមេរោគកូវីត១៩ថ្មី
ចំនួនបីនាក់បានអះអាងថា ពួកគេបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺពុំបានឆ្លងមេរោគកូវីត១៩ថ្មីនោះទេ ៕