ខេត្តកំពង់ធំ បានប្រែមុខមាត់ថ្មី ពីខ្នងដៃមកបាតដៃ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ខេត្តកំពង់ធំ កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មជ្ឈដាន និងមហាជននានា ដែលខេត្តកំពង់ធំ កំពុងតែប្រែមុខមាត់ថ្មី នៅលើទឹកដីក្រុងស្ទឹងសែន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើឲ្យខេត្តកំពង់ធំ ធ្លាប់តែជាខេត្តឆ្លង​កាត់ ប្រែក្លាយជាខេត្តដែលមានភាពទាក់ទាញ គួរឲ្យចង់ស្នាក់នៅ ដើម្បីទេសចរណ៍ និង សិក្សាស្រាវជ្រាវប្រវតតិសាស្រ្តដ៏សំខាន់ទៀតផង។

នេះមិនមែនជាសុបិន្តសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំនោះទេ តែជាសមិទ្ធិផលដ៏ ច្រើនសន្ធឹកសន្ធាប់ រីកដុះស្គុះស្គាយ ពោរពេញទៅដោយទិដ្ឋភាពស្រស់បំព្រង ក្នុងបរិយាកាស និងសោភ័ណភាពក្រុងស្ទឹងសែន នាខេត្តកំពង់ធំ ដូចអាគារសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ផ្លូវថ្មល់ ផ្លូវភ្លោះ  សួនច្បារលម្អរកណ្តាលក្រុងស្ទឹងសែន  វិមានឯករាជ្យដែលទើបតែប្រសូទនៅកណ្តាលបេះដូងនៃក្រុងស្ទឹងសែន ដែលកំពុងតែបង្ហាញដល់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ នូវភាពរីកចម្រើនដ៏ឆាប់រហ័ស ។

ចំណែកទិដ្ឋភាពដែលកំពុងតែបង្ហាញសម្រស់ដ៏ល្អប្រណិតទាំងយប់ទាំងថ្ងៃ គឺសួនច្បារនៅកណ្តាលក្រុងស្ទឹងសែន អមសងខាងវិមានឯករាជ្យ ប្រដាប់ដោយភ្លើងលម្អក្នុងពេលរាត្រី មានបង់អង្គុយកំសាន្ត ជុំវិញទៅ ដោយផ្កាស្រស់ស្អាត  ក្នុងនោះប្រជាពលរដ្ឋ កំពុងតែអន្ទះសាររងចាំមើល សមិទ្ធិផលដ៏ធំមួយទៀត ដែលជា ចំណងដៃនៃប្រវត្តិសាស្រ្ត ក្នុងសម័យឯកឧត្តម សុខ លូ ជាអភិបាលខេត្តកំពង់ធំ បានកំពុងតែសាងសង់ យ៉ាងយកចិត្តទុកដាក់ ដែលបានផ្តោតលើគុណភាព និងសុវត្តិភាពដល់ប្រជាពលរដ្ឋ គឺសួនច្បារអមសងខាង មាត់ស្ទឹងសែន ដែលកំពុងតែចាប់បដិសន្ធិបានប្រមាណជាង៧០ភាគរយ ហើយនិងដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងពេលឆាប់ខាងមុខនេះ ។

មហាជនបានកោតសរសើរ អភិបាលខេត្តកំពង់ធំ ដែលមានបេះដូងជាអ្នកអភិរក្សជីវៈប្រវត្តិសាស្រ្ត  ដើម្បីបន្ត​ការចងចាំដល់មនុស្សជំនាន់ក្រោយឲ្យស្គាល់ នូវបុព្វបុរសខ្មែរ ដែលសុទ្ធសឹងតែ ជាអ្នកមានមហិទ្ធិឬទ្ធបារមី ខ្លាំងពូកែ ក្នុងសម័យមហានគរ និងបានសហការជាមួយមន្ទីរវប្បធម៌វិចិត្រសិល្បៈ រួមទាំងបានស្រាវជ្រាវ បប្រវត្តអ្នកចម្បាំង ដើម្បីសាងសង់ រូបសំណាក់បុព្វបុរសខ្មែរ ដែលមានរូបសំណាក់ឧញ៉ាក្រហម(ក) ដែលបាន ដាក់នៅខាងត្បូងក្រុងស្ទឹងសែន កណ្តាលរង្វង់មូលផ្លូវបំបែកវាងក្រុង ចំណែករូបសំណាកអាចារ្យលាក់ ស្ថិតនៅទិសខាងជើងចំនុចបំបែកផ្លូវវាងក្រុង រីឯរូបសំណាក់ ដាវដែកកំពង់ស្វាយ ត្រូវបានដាក់តាំងក្នុងសួនច្បារ ផ្លូវបំបែកសៀមរាប និងព្រះវិហារ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋ ចាត់ទុកជាថ្នាក់ដឹកនាំ ដែលបានសាងសង់ សមិទ្ធិផលជាច្រើនសម្រាប់ខេត្តកំពង់ធំ និងជាប្រតិ្តសាស្រ្ត មិនតែប៉ុណ្ណោះបានធ្វើឲ្យសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តមានរបៀបរៀបរយ និងបានធ្វើឲ្យខេត្តកំពង់ធំ ទទួលបានសុខសុវត្តិភាព កងកម្លាំងទាំងប្រភេទរួមគ្នា ជាធ្លុងមួយ មន្ទីរអង្គភាពរួមសហការសាមគ្គី រួមគ្នាអភិវឌ្ឍន៍ កសាងសង្គមជាតិ ប្រជាពលរដ្ឋរស់នៅបានសុខក្សេមក្សាន្ត ក្រោមម្លប់តេជោសន្តិភាព  ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ដោយ ប៊ុន រដ្ឋា