សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងប្រជុំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និង ទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ១:៣០ នាទី រសៀល នៅសាលប្រជុំគណបក្សខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជា ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្ត បានដឹកនាំកងកម្លាំងចំណុះអង្គភាព តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ចំនួន ១០០ នាក់ ចូលរួមកិច្ច ប្រជុំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និង ទិសដៅការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា។
-ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល គណៈអភិលបាលខេត្ត ប្រធានគណៈកម្មការ គ្រោះមហន្តរាយខេត្ត និងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានគោរពរាយការណ៍ពីស្ថានភាពទូទៅក្នុងភូមិសាស្ត្រខេត្ត និង លទ្ធផលគ្រោះមហន្តរាយប្រចាំឆ្នាំ២០១៩។
-បន្ទាប់មក ឯកឧត្តម ធន ធឿន បានរាយការណ៍នូវរបាយការណ៍ បូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកការកោតសរសើរ ដល់ ស.អ.ក ខេត្ត ដែលបានយកចិត្តទុកដាក់ និង អនុវត្តការងារ បាន យ៉ាងល្អប្រសើរជាងគេ ទាំងការចុះប្រគល់ថវិកាមរណៈសង្រ្គោះ និង ការធ្វើបច្ចុប្បន្នភាព ចំពោះសមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានធ្វើការសង្ខេបរបាយការណ៍របស់ខេត្ត និង សូមគោរពជូនពរ ដល់អង្គពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយពីកិច្ចប្រជុំចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាន អញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងសិប្បកម្មឈើ ការចាក់ជើងតាង សរសរ ជណ្តើរដែក សម្រាប់តម្លើងគ្រឿងផ្ទះ ក្នុងការសាងសង់ជូនសមាជិកអតីតយុទ្ធជនខេត្តផងដែរ៕