ប្រេីប្រាស់​រថយន្ត​១៧គ្រឿង​ និង​ទឹក​អស់៣៦សឺទែន​ ក្នុង​ការជួយអន្តរាគមន៍ករណីអគ្គីភ័យឆាបឆេះ​ ផ្សារ​បឹង​កុក​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានចាកចេញពីដំណេកទាំងយប់អាធ្រាត្រ ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោយមិនគិតថាពេលយប់ឬក៏ថ្ងៃនោះទេ ខណៈដែលពលរដ្ឋជួបគ្រោះអាសន្ន ។

ជាក់ស្ដែងនៅវេលាម៉ោង១១​ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០២០នេះ​ មានករណីអគ្គីភ័យឆាបឆេះផ្សារ​បឹង​កុក​ ស្ថិត​នៅ​ក្នុង​​ភូមិទី៧ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ យ៉ាងសស្រាក់សស្រាំផងដែរ។

ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​ សរុប​ចំនួន​១៧គ្រឿង​ ប្រើទឹកអស់ ចំនួន​៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គីភ័យ​, កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ដែល​ប្រតិបត្តិការ​នេះ​ គឺ​ត្រូវ​ចំណាយ​ពេលវេលា​អស់​រយៈ​ពេល​ជាង០២ម៉ោង​ ហើយ​គ្រប់គ្រង​សភាពការណ៍​បានទាំងស្រុង​ នៅវេលាម៉ោង ០១និង​៣៥នាទី ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែមិនា​នេះ​ ដោយ​មានការ​អន្តរាគមន៍​ និង​រថយន្ត​ចំនួន​០៤​ ពី​ស្នងការរដ្ឋាននគរបាល​ខេត្ត​ត្បូងឃ្មុំ​ ផង​ដែរ​។

នាឱកាសដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ករណីខាងលើនេះ ឯកឧត្តមអភិបាលខេត្ត​ខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះ​ដេីម​ហេតុ​ដែល​អាច​បង្ក​ជា​គ្រោះ​អគ្គីភ័យ​ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះ​ប្រព័ន្ធ​បច្ចេកទេស​បណ្តាញ​ខ្សែ​អគ្គិសនី​ផង​ដែរ​ ពីព្រោះថា បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួតទៀតផង​ ដូច្នេះបងប្អូនត្រូវមានការត្រៀមបង្ការទប់ស្កាត់ ដើម្បីបញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើនេះផ្ទុយទៅវិញ បើមានដូចករណីនេះមែន សូមបងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមកផងដែរ។
គួរ​បញ្ជាក់​ផង​ដែរថា​ ចំពោះ​ករណី​គ្រោះអគ្គីភ័យ​នេះ​ ទំហំនៃការខូចខាត និង ដើមហេតុ ត្រូវ​រង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕