ប្រជានេសាទនៅខេត្តស្ទឹងត្រែង ដាក់មងបានត្រីគល់រាំងទម្ងន់១៥គីឡូក្រាម រួចលែងចូលទន្លេវិញឲ្យមានសេរីភាព !!

ខេត្តស្ទឹងត្រែង៖  ប្រជានេសាទនៅភូមិកាំងដីស ក្នុងសង្កាត់ព្រះបាទ ក្រុង/ខេត្តស្ទឹងត្រែង បានធ្វើការចេញនេសាទត្រី នៅព្រឹកថ្ងៃទី១៦មីនានេះ ក៏បានដាក់មងជាប់ត្រីប្រភេទកម្រមួយក្បាល ដែលមានទម្ងន់១៥គីឡូក្រាម នៅលើដងទន្លេមេគង្គ ។

ក្រោយធ្វើការនេសាទ តាមរបៀបដាក់មងបានហើយនោះ លោក ម៉ា សុខាក់ ដែលប្រធានសហគមន៍នេសាទ ក្នុងភូមិកាំងដីស បានរៀបរាប់ប្រាប់ឲ្យដឹងថា:ត្រីដែលគាត់ដាក់មងបានមួយក្បាលនាពេលនេះ គឺត្រីគល់រាំង ហើយក៏ជាប្រភេទត្រីដ៏កម្រផងដែរ ។ លោកបញ្ជាក់ថា:ដោយសារជាប្រធានសហគន៍នេសាទស្រាប់ ហើយលោកក៏បានយល់ដឹងពីការអភិរក្សត្រីមេពូជដ៏កម្រ ហើយក៏មានឆន្ទ:ក្នុងការរក្សាពូជត្រីឲ្យបានគង់វង្សយូរអង្វែង ក្រែងបានតពូជដល់ជំនាន់ក្រោយៗទៀតផងនោះ ទើបរូបលោក បានយកត្រីគល់រាំងមួយក្បាលនេះ ទៅលែងក្នុងទឹកវិញ ដើម្បីឲ្យវាបានបន្តពូជតទៅទៀត ។

ដោយបានឃើញពីឆន្ទ:របស់ប្រជានេសាទក្នុងសហគមន៍ នៅភូមិកាំងដីសខាងលើនេះ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានសម្តែងការសាទរយ៉ាងក្រៃលែង ក៏ដូចជាបញ្ជាក់ពីជំហរដ៏ល្អនេះឲ្យប្រជានេសាទទាំងអស់យកគំរូតាម។ នាយខណ្ឌក៏បានបន្តទៀតថា:លោកចង់ឃើញប្រជានេសាទក្នុងសហគមន៍នីមួយៗ ចូលរួមថែរក្សាការពារត្រីមេពូជ ដែលជាប្រភេទត្រីកម្រ និងជិតផុត ដូចជា: ត្រីរាជ ត្រីគល់រាំង និងត្រីត្រសក់ជាដើម ។ លោក ថា:ប្រធានសហគមន៍ចាប់បានត្រីគល់រាំងមួយក្បាលនេះ ហើយលែងវិញ គឺជាគំរូល្អ ហើយសូមឲ្យមានការចូលរួមការពារទាំងអស់គ្នា ៕ ដោយ:ម៉ាវិន