អាគារស្នាក់ការអនុសាខាកាកបាទក្រហមស្រុកជាំក្សាន្ត និងក្លោងទ្វារចូល មានតំលៃប្រមាណជិត៣ម៉ឺនដុល្លាសហរដ្ឋអាមេរិច ត្រូវបានរៀបចំសែនក្រុងពាលីសាងសង់!

ព្រះវិហារ៖ អាគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងក្លោងទ្វារចូល ព្រមទាំងអណ្តូងទឹកចំនួន ១ ដែលមានតំលៃប្រមាណជិត៣ម៉ឺនដុល្លាសហរដ្ឋអាមេរិច ត្រូវបានរៀបចំសែនក្រុងពាលីសាងសង់ ក្រោមវត្តមានលោកភីវ ឌៀន អភិបាលស្តីទី និងលោកយ៉ុង ហួត លោកហែម ថុន អនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមនឹងអស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ការិយាល័យពាក់ព័ន្ធនានា នៅក្នុងស្រុក បានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០នេះ។

លោកយ៉ុង ហួត ប្រធានក្រុមប្រឹក្សាស្រុកជាំក្សាន្ត មានប្រសាសន៍ថា អាគារស្នាក់ការដែលបានរៀបចំធ្វើការសាងសង់ឡើងនេះ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង មានទំហំទទឹងចំនួន៩ម៉ែត្រ បណ្តោយ១៥ម៉ែត្រ និងក្លោងទ្វារចូល រួមនិងអណ្តូងទឹកចំនួន១ គ្រោងនឹងប្រើប្រាស់អស់ថវិកាក្នុងតម្លៃប្រមាណជិត៣ម៉ឺនដុល្លាសហរដ្ឋអាមេរិច។ ជាថវិការបស់សប្បុរសជនក្នុង និងក្រៅស្រុកទូទាំងខេត្តព្រះវិហារ បានមកពីការចូលរួមចំណែកគ្នា មិនមែនជាគម្រោងថវិកាបដិភាគរបស់រដ្ឋនោះទេ។

លោកយ៉ុង ហួត បានបន្តថា ចំពោះការរៀបចំសាងសង់ នូវអាគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្តនេះឡើង គឺជាគំនិតផ្តួចផ្តើមដោយឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងលោកជំទាវ សហការ និងឯកភាពពីប្រធាន អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អស់លោក លោកស្រីប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងដោយមានការជួយជម្រុញបន្ថែមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារផងដែរ។

ជាមួយគ្នានោះដែរ លោកយ៉ុង ហួត ប្រធានក្រុមប្រឹក្សាស្រុក ក៍បានធ្វើការស្នើសុំទៅកាន់ក្រុមជាងដែលបានម៉ៅការសាងសង់ ធ្វើយ៉ាងណាសាងសង់ឲ្យទៅតាមលក្ខណៈស្តង់ដារតែមួយ ដោយមានគុណភាព និងរួចរាល់ហើយទៅតាមការកំណត់៕ សួនលីណា