ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា សាខាខេត្តសៀមរាប បើកយុទ្ធនាការចែកម៉ាស់ពារការចម្លងមេរោគ និង ទឹកលាងដៃកម្ចាត់មេរោគជូនសាធារណជន ដោយឥតគិតថ្លៃ

0

សៀមរាប៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា សាខាខេត្តសៀមរាប បើកយុទ្ធនាការចែកម៉ាស់ពារការចម្លងមេរោគចំនួន ១ម៉ឺនម៉ាស និង ទឹកលាងដៃកម្ចាត់មេរោគចំនួន ៧៧០ដប ជូនសាធារណជនទូទៅនៅក្នុងក្រុងសៀមរាប ដោយឥតគិតថ្លៃ ។

ក្នុងនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយពន្យល់លើខ្លឹមសារនៃការថែរក្សាសុខភាពផ្លូវចិត្ត ក្នុងដំណាក់កាលនៃការកើតឡើងនូវវីរុសរលាកផ្លូវដង្ហើមថ្មី (COVID-19) នេះ នៅមុខព្រះរាជដំណាក់ លើដងផ្លូវជិតសួនហាត់ប្រាណ ដែលជាទីតាំងនៃការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវជាតិ និងអន្តរជាតិ ។

លោក យោគ ស៊ុនលីន ប្រធានជាន់ខ្ពស់ផ្នែកលក់របស់ក្រុមហ៊ុន បានឲ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងន័យគាំទ្រ និងអនុត្តតាមអនុសាសន៍ដ៏ថ្លៃថ្លានៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមទាំងអស់គ្នា ទប់ស្កាត់ការរីករាលដាលនៃវារុសកូវីត-១៩ និងរក្សាអនាម័យថែទាំសុខភាពឲ្យបានល្អប្រសើរ និង ដោយសារតែក្រុមហ៊ុននេះ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលផ្តោតការយកចិត្តទុកដាក់លើសុខភាព និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ដូច្នេះការចែកម៉ាស ចែកទឹកលាងដៃកំចាត់មេរោគ និងការចែកជូនខិតប័ណ្ណផ្សព្វផ្សាយស្តីពីការការពារខ្លួន គឺជាផ្នែកមួយដ៏សំខាន់ដែលក្រុមហ៊ុន អាចចូលរួមជួយការពារសុខភាពជូនប្រជាពលរដ្ឋ ក្នុងវិបត្តិនៃវីរុសដ៏ចង្រៃមួយនេះ ៕

ដោយ៖ អ៊ុន ណារាជ្យ