អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមសម្រាប់ទទួលព្យាបាលអ្នកផ្ទុកជំងឺ COVID​19​

0

កំពង់ចាម​: ដោយ​យោង​តាម​គោលការណ៍​របស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​​ថ្ងៃ​ទី​២៣​ ខែមិនា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩​ ខេត្តកំពង់ចាម​ បានដឹកនាំក្រុមការងារ ចុះពិនិត្យអាគារសិក្សាថ្មី នៃសាលាគរុកោសល្យភូមិភាគកំពង់ចាម ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីត្រៀមរៀបចំទីតាំងដាច់ដោយឡែកសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺ COVID-19 ឲ្យ​មាន​កន្លែង​សម្រាក​យ៉ាង​ស្អាត​សមរម្យ​ ព្រមទាំង​រៀបចំ​ត​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​អគ្គិសនី​ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ រដ្ឋបាលខេត្តកំពង់ចាម បាន​សម្រេច​រៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែងក្នុងក្រុងកំពង់ចាម​ក្នុង​នោះ​រួម​មាន​ ១-មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៨នាក់)។ ២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ (ក្រុមការងារកំពុងរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ)។ អាគាររៀនចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ (ក្រុមការងារនឹងរៀបចំសំអាត និងបំពាក់សំភារ:បន្ថែមនៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួច)។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ​ ៕