អាជ្ញាធរ​ខេត្តកំពង់ចាម​ រៀបចំ​អាគារ​ ​៤​កន្លែង​ ជិត​២០០បន្ទប់​ សម្រាប់​ត្រៀម​ទទួល​ព្យាបាលអ្នកកើតជំងឺ Covid-19 ​

0

កំពង់ចាម​: ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩​ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៤​ ខែមិនា​ ឆ្នាំ​២០២០នេះ​ បាន​ដឹកនាំ​ក្រុម​ការងារ​ អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ពាក់ព័ន្ធ​ ចុះពិនិត្យ​ការ​ធ្វើ​​អនាម័យ​ សំអាត​ទីតាំង​ និង​រៀបចំ​​​បន្ទប់​ដាច់​ដោយឡែក​ សម្រាប់​ត្រៀម​ទទួល​ព្យាបាល​អ្នក​កេីត​ជំងឺ​កូវីដ១៩​ នៅសាលាគរុកោសល្យភូមិភាគកំពង់ចាម​ ដែល​បំពាក់​ដោយ​សំភារៈ​​​ប្រកបដោយផាសុកភាពផងដែរ។

បេី​តាម​គណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩​ ខេត្តកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​ទទួល​បានបទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ រដ្ឋបាលខេត្តកំពង់ចាម បាន​សម្រេច​រៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែងក្នុងក្រុងកំពង់ចាម​ក្នុង​នោះ​រួម​មាន​ ១-មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៨នាក់)។ ២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ (ក្រុមការងារកំពុងរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ)។ អាគាររៀនចំនួន២អគារ ស្មើចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ (ក្រុមការងារនឹងរៀបចំសំអាត និងបំពាក់សំភារ:បន្ថែមនៅពេលបញ្ចប់ការងារ រៀបចំអន្តេវេសិកដ្ឋានរួច)។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ​ ដោយទីតាំងធំទូលាយមានខ្យល់ កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ​ ៕