អភិបាលខេត្តកោះកុង ស្នើរដល់អាជីវករលក់ដូរ មេត្តាកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ស្របពេលដែលសកលលោកកំពុងព្រួយបារម្ភពីបញ្ហាវីរុសកូវីដ១៩

0

កោះកុង ៖ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បនៅពេលដែលលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដោយផ្ទាល់នៅច្រកទ្វារអន្តរជាតិចាំយាម បន្ទាប់ពីភាគីទាំង២ (កម្ពុជា-ថៃ) បានសម្រេចធ្វើការបិទច្រកទ្វាររវាងខេត្តត្រាត(ប្រទេសថៃ) និងខេត្តកោះកុងជាបណ្តោះអាសន្ន ដើម្បីជាការទប់ស្កាត់មិនអោយមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបច្ចុប្បន្នជំងឺនេះកំពុងត្រូវបានរីករាលដាលជាសកល ។

បើតាមការបញ្ជាក់ពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងទៀតថា ចំពោះការកំណត់នៃការបើកច្រកទ្វារអន្តរជាតិចាំយាម (ហាតឡិក) គឺភាគីថៃពុំទាន់បានកំណត់ថានិងបើកដំណើរការឡើងវិញនៅថ្ងៃណានោះឡើយ ពោលគឹប្រសិនបើស្ថានការនៃជំងឺកូវីដ១៩បានធូរស្បើយ ភាគីថៃនិងធ្វើការជូនដំណឹងមកកាន់រដ្ឋបាល ។

លោកជំទាវបានបន្តនៅថ្ងៃចុងក្រោយនៃការបិទច្រកទ្វាអន្តរជាតិចាំយាម ឃើញថាមានពលរដ្ឋចំនួន២៤៧នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជាតាមច្រកទ្វារមួយនេះ ហើយពួកគាត់ក៏ត្រូវបានក្រុមគ្រូពេទ្យចត្តាឡីស័ក និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការពិនិត្យ និងណែនាំអោយពួកគាត់ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែករយះពេល១៤ថ្ងៃសិន បើទោះជានៅក្នុងក្រុមគ្រួសារក្តី ពិសេសត្រូវធ្វើអនាម័យខ្លួនប្រាណ បើសិនជាពួកគាត់មានបញ្ហាមិនស្រួលដូចជាមានអាការៈក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោ សូមអោយពួកគាត់ទាក់ទងមកកាន់មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីជាការចូលរួមក្នុងការទប់ស្កាត់កុំអោយមានការរីករាលដាលនៃវីរុសកូវីដ១៩ ។
ប្រភពខាងលើបានអោយដឹងទៀតថា ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នាពេលនេះ ខាងរដ្ឋបាលខេត្តកោះកុងកំពុងស្វែងរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាមួយដើម្បីដាក់អ្នកជំងឺដែលមានផ្ទុកវីរុសកូវីដ១៩ អោយនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ នេះប្រសិនបើមានការផ្ទុះនៃវីរុសកូវីដ១៩លើទឹកដីខេត្តកោះកុង ។

លោកជំទាវក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការភិតភ័យពីជំងឺកូវីដ១៩ជ្រុលពេក ត្រូវនាំគ្នាថែរក្សាអនាម័យខ្លួនប្រាណអោយបានល្អ ដោយត្រូវលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ អាកុល ឬ ជែលលាងដៃ និងត្រូវពាក់ម៉ាសការពារនៅពេលដែលចូលក្នុងទីប្រជុំជននានា ពិសេសត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននៅពេលដែលមានបុគ្គលប្លែកមុខចូលមកស្នាក់នៅក្នុងសហគមន៍ ។

គួររំលឹកថា នៅថ្ងៃទី២២ ខែមីនាម្សិលម៉ិញ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋទូទាំងខេត្តកោះកុង និងគ្រប់មជ្ឍដ្ឋាន អោយបានជ្រាបថា ដោយស្ថានភាព នៃការរីករាលដាលជាសកលនូវវីរុសកូវីដ១៩ និងដើម្បីបង្ការ ទប់ស្កាត់រដ្ឋបាលខេត្តកោះកុង បានពិភ្សាជាមួយភាគីថៃ(ខេត្តត្រាត) សម្រេចធ្វើការបិទច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ហាតឡិក)មួយរយះគិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយអនុញ្ញាតអោយតែរថយន្តដឹកទំនិញចេញ-ចូល និងមានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ ក្រៅពីនោះចំពោះពលរដ្ឋ អាជីវករ ភ្ញៀវទេសចរណ៍ និងទំនិញតាមរទេះ គឺពុំអនុញ្ញាតអោយចេញចូលឡើយ ករណីប្រជាពលរដ្ឋមានជំងឺធ្ងន់ធ្ងរ ឬអ្នកជំងឺដែលត្រូវទៅព្យាបាលតាមការណាត់របស់ពេទ្យថៃ ភាគីថៃនិងសម្របសម្រួលអនុញ្ញាតអោយធ្វើដំណើរចេញ-ចូល ដោយមានឯកសារនិងការពិនិត្យត្រឹមត្រូវ ៕