មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការរីករាលដាល របស់ឧត្ដមសេនីយ៍ឯក បណ្ឌិតហ៊ុន  ម៉ាណែត

កំពង់ធំ៖ ខណៈពេលដែលជំងឺផ្លូវដង្ហើមកូវិត១៩ បានរីករាលដាលឆ្លងជាសកល ធ្វើឲ្យមានការយកចិត្តទុក ដាក់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ ឲ្យអភិបាលរាជធានី ខេត្ត រៀបចំឲ្យមានទីតាំងសម្រាប់ត្រៀមទទួលព្យាបាលអ្នកជម្ងឺ និងជម្រុញឲ្យអភិបាល កងកម្លាំង មន្ទីរអង្គភាព បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់សហគម និងប្រជាពលរដ្ឋ គ្រប់ទិសទី ដើម្បីចេះការពារទប់ស្កាត់ការឆ្លងជំងឺ ដោយត្រឹមត្រូវ។

ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តចុះ ផ្សព្វផ្សាយយ៉ាងសកម្ម នូវសេចក្តីណែនាំលេខ០០១/២០២០ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌឹតហ៊ុន  ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកស្តី ពីវិធានការណ៍ការ បង្ការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ១៩ ដល់កងកម្លាំងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០។

ក្នុងនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវកាណែនាំ ចង្អុលបង្ហាញ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  ស្តីពីការប្រើប្រាស់កម្លាំងសរុប   វិធានការណ៍សរុប ក្នុងការប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅខេត្តកំពង់ធំ ។

ចំណែកកងកម្លាំងទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី ផ្សព្វផ្សាយ ត្រូវបានក្រុមគ្រូពេទ្យ គិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យ វាស់ស្ទង់កំដៅ និងលាងសំអាតដៃ ដោយអាល់កុល  ព្រមទាំងរៀបចំឲ្យកងកម្លាំងទាំងអស់ អង្គុយឃ្លាតពីគ្នា ពីម្នាក់ទៅម្នាក់ក្នុងចម្ងាយ១,៥០ ម៉ែត្រ  តាមការណែនាំរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរ ចំពោះយោធិនទាំងអស់ ដែលបានយកចិត្តទុក​ដាក់ និងបញ្ជ្រាបការយល់ដឹងដល់ ក្រុមគ្រួសារ បងប្អូន សាច់ញាតិ ពីចំនេះដឹងការពារជម្ងឺរាតត្បាតកូវិត១៩ ឲ្យត្រឹមត្រូវវិធី ទើបធ្វើឲ្យយោធិនទាំងអស់មានសុខភាពល្អ  ក្នុងនោះក៏បានផ្តាំផ្ញើរសូមកុំឲ្យខ្លាចហួសហេតុពេក និងកុំឲ្យហ៊ានជ្រុលពេក ដែលជាហេតុធ្វើឲ្យជនខិលខូចឆ្លៀតឳកាស លួចលួងលោមយកទ្រព្យសម្បត្តិ និងសូមប្រុងប្រយ័ត្ន បុគ្គលចម្លែក យកម៉ាសមកចែកតាមផ្ទះ និងដើរចែកតាមផ្លូវស្ងាត់ ហាមទទួលយក បើសិនមិនមែនជាសមត្ថកិច្ច ឬភ្នាក់ងារសុខាភិបាល   ព្រោះក្រុមទាំងនេះអាចដាក់ថ្នាំសណ្តំ ឬថ្នាំសន្លប់ក្នុងម៉ាសដើម្បីលួចយកទ្រព្យសម្បត្តិ។

ដោយ ប៊ុន រដ្ឋា