ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលរដ្ឋានខេត្តព្រះវិហារ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត មិនត្រូវធ្វេសប្រហែស

ដោយ៖ឡុង សំបូរ ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ លោកទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងក្នុងគ្រាដែល លោកទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមណ្ឌលសុវត្ថិភាពទាំង៤ទីតាំង ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំ និងបំរុងត្រៀមទុក សម្រាប់ពិនិត្យ និងព្យាបាលអ្នកផ្ទុកជំងឺកូរ៉ូណាវីរុស កូវីដ១៩ នៅក្នុងខេត្តព្រះវិហារ នាពេលកន្លងទៅ នៅថ្ងៃទី២៦មីនាឆ្នាំ២០២០នេះ។
នៅក្នុងដំណើរចុះទៅពិនិត្យ មណ្ឌលសុវត្ថិភាពទាំង៤ទីតាំងក្នុងខេត្តនោះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោក ប្រាក់ សុវណ្ណ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូបទៀតផង។
ទីតាំងទាំង៤ ដែលលោកទេសរដ្ឋមន្ត្រី មាស សុភា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចុះទៅពិនិត្យជាថ្មីម្តងទៀតនោះ គឺ មណ្ឌលសុវត្ថិភាពតាកឹង សណ្ឋាគារហ្គ្រីនផាលែស សណ្ឋា គារព្រះវិហារជ័យ និងផ្ទះស្នាក់នៅរបស់គ្រូបង្រៀន ដែលស្ថិតនៅទីតាំងដាច់ដោយឡែកពីគ្នា នៅក្នុងខេត្តព្រះវិហារ។
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលរដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា បើទោះបីជាជំងឺកូវីដ១៩ ដែលជាចំងឺដ៏កាចសាហាវមួយនេះ មិនមានការកើនឡើង នៃចំនួនអ្នកកើត សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ក៏ម៉ែនពិត តែក្នុងនាមថ្នាក់ដឹកនាំ ដែលជាសេនាធិការអោយ រាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ត្រី សូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត ត្រូវធ្វើយ៉ាងណាមិនត្រូវមានកាធ្វេសប្រហែស និងមើលស្រាលលើករណីមេរោគ ដ៏កាចសាហាវមួយនេះបានឡើយ ព្រោះជំងឺកូរ៉ូណាវីរុស កូវីដ១៩នេះ វាអាចចម្លង និងរីករាលដាលមកលើយើង និងប្រជាពលរដ្ឋបានគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងខ្វះការអនាម័យខ្ពស់នោះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា លោកក៏បានជម្រុញអោយមានការពន្លឿន លើការងារជួសជុលបន្ទប់ទឹក បង្គន់អនាម័យ និងអណ្តូងទឹកស្អាត ដែលមានស្រាប់ហើយនោះ ធ្វើការកែលំអរឡើងវិញ អោយបានរុះរាន់ ដើម្បីត្រៀមបង្ការទុកប្រើប្រាស់ នៅក្នុងមណ្ឌលសុវត្ថិភាពទាំង៤ ព្រោះទឹកវាជាតម្រូវការចាំបាច់ និងចម្បងបំផុត។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត គួរកាត់បន្ថយការជួបជុំគ្នា ប្រសិនបើករណីមិនចាំបាច់។ រីឯការជួបជុំគ្នានេះ លុះត្រាណាមានកិច្ចការងារណាមួយ ដែលមិនអាចខកខានបាន និងចាំបាច់ ហើយការជួបជុំគ្នានោះ ក៏ត្រូវនៅឆ្ងាយពីគ្នា យ៉ាងហោចក៏១ម៉ែត្រ ទៅ២ម៉ែត្រនោះដែរ។ លោកថា ការធ្វើបែបនេះ ដើម្បីបង្ការ ទប់ស្កាត់បាន នៃការចម្លង និងរីករាលដាល ពីមេរោគដ៏កាចសាហាវមួយនេះ។ ស្របពេលជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៥លានរៀល ដល់មណ្ឌលសុវត្ថិភាពតាកឹង ទុកប្រើប្រាស់តាមតម្រូវការ៕