ឯកឧត្តម ប្រាក់ សុវណ្ណ ផ្តាំផ្ញើទៅកាន់មន្ត្រីបុគ្គលិកទាំងអស់ ត្រូវយកចិត្តទុកដាក់ជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណកម្មការធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានធ្វើការផ្តាំផ្ញើទៅកាន់មន្ត្រីបុគ្គលិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាទាំងអស់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ នៅពេលចុះទៅធ្វើការផ្សព្វផ្សាយតាមមូលដ្ឋាន ដើម្បីអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹង និងអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)

ប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើឡើងនៅក្នុងឱកាស ប្រគល់អំណោយ និងផ្ទាំងរូបភាព ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង.ស្រុកទាំង៨ នៅក្នុងខេត្តព្រះវិហារ សម្រាប់ចែក និងធ្វើការផ្សព្វផ្សាយអំពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីត១៩ បន្តនៅតាមក្រុង.ស្រុកនីមួយៗ ជាមួយអាជ្ញាធរស្រុក ឃុំ សង្កាត់ និងភូមិ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០នេះ ។

ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណកម្មការធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក៏បានជម្រាបអំពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីត១៩ ក្នុងខេត្តព្រះវិហារ ។ បន្ថែមពីនេះឯកឧត្តមប្រធាន ក៏បានធ្វើការផ្តាំផ្ញើទៅកាន់មន្ត្រីបុគ្គលិកទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។

ដូចខាងក្រោម៖១,លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ២,ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ៣,ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ៤,ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥,បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ៦,ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

សូមជម្រាបថា អំណោយដែលធ្វើការផ្តល់ជូនក្នុងឱកាសនោះរួមមាន៖ អាល់កុល៤កាន ស្មើ៨០លីត្រ, សាប៊ូដុសខ្លួនចំនួន៣២០ដុំ, ម៉ាស់ ៥ប្រអប់, ផ្ទាំងរូបភាព សម្រាប់ចែក នឹងផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ សម្រាប់ចែក និងផ្សព្វផ្សាយបន្តនៅតាមក្រុង.ស្រុកនីមួយៗជាមួយអាជ្ញាធរស្រុក ឃុំ សង្កាត់ និងភូមិ ៕